header ads

Sponsor

ពិសី

កាលពីអំឡុងខែមេសាឆ្នាំ២០១៨ លោកអនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌនៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានជួបឧប្បទ្ទវហេតុ ធ្លាក់ពីលើអាគារជាន់ទី២ ព្រោះតែឡើងជួសជុលផ្ទះហើយងងឹតមុខ ធ្លាក់ចុះមកបោកក្បាលនឹងដី បណ្តាលឲ្យបែកលលាក្បាលធ្ងន់ធ្ងរ និង ដាច់សរសៃរខួរក្បាល ដែលពុំមាននណាសង្ឃឹមថា លោកនឹងអាចរួចផុតពីសេចក្តីស្លាប់បានឡើយ។ ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត លោក ជា ខេមរិន្ទ បាននិយាយដោយសម្លេងខ្សឹកខ្សួល ប្រាប់ដល់មិត្តរួមការងារថា អ្វីដែល លោកស្តាយបំផុតនោះគឺ លោកចង់មាន ឱកាសបានថតជាមួយមេ រ័ត្ន ស្រ៊ាង នៅពេលណាដែលលោកបានឡើងសក្តិ២ ទោះបីលោកស្លាប់ក៏លោកបិទភ្នែកជិតដែរ ព្រោះលោកធ្វើអាវុធហត្ថជាង២០ឆ្នាំហើយ លោកមិនដែលបានជួបមេ ដែលល្អអញ្ចឹងនោះទេ។ ម្នាក់ៗក្តុកក្តួលសម្លឹងមើលលោក ដោយទឹកភ្នែករលីងរលោង មិនដឹងថាតបទៅនឹងសម្តីលោក ដោយរបៀបណា។

ជាភ័ព្វសំណាង ក្រោមការយកចិត្តទុកដាក់ របស់លោកមេបញ្ជាការ រ័ត្ន ស្រ៊ាង ព្រមទាំងមិត្តរួមការងារ និង ក្រុមគ្រួពេទ្យ អស់ជាង៣ខែ លោក ជា ខេមរិន្ទ ក៏បានធូរស្រាលរួចផុតពីសេចក្តីស្លាប់ និងអាចងើបរួចពីគ្រែពេទ្យ ត្រឡប់ទៅសម្រាកនៅ ផ្ទះវិញបាន តែមិនទាន់អាចដើររួចត្រូវជិះរទេះជនពិកានៅឡើយ។ ព្រមជាមួយគ្នានោះ ក្តីស្រម៉ៃរបស់លោក ក៏បានសម្រេច សមតាមបំណង ដោយ លោកក៏ដូចជាមិត្តរួមការងារឯទៀតនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ត្រូវបានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស យកចិត្តទុកដាក់ ស្នើសុំតម្លើងឋានន្តរសក្តិជូន ហើយលោកនាយឧត្តមសេនីយ៍ បានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំប្រារព្ធពិធីបំពាក់ឋានន្តរសក្តិជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ចំនួន០៦លើក សរុបកើនដល់១,១៨៩នាក់ និងនៅមានបំពាក់ជូនជាបន្ត បន្ទាប់ទៀត។ ក្នុងកម្មវិធីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ខេមរិន្ទ បានបង្ហូរទឹកភ្នែកក្តុកក្តួល ដោយក្តីរំភើបត្រេកអរ ព្រោះតែលោកខំត្រដរធ្វើដំណើរពីផ្ទះ នៅឯស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំងខ្លួនអង្គុយនៅតែលើរទេះ ដើម្បីទទួលការបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ទោ(សក្តិ២) និងបានថតរូប ជាមួយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តាមបំណងប្រាថ្នាដែលលោកធ្លាប់បានប៉ង ។

ម្នាក់ៗក្នុងកម្មវិធី ពេលបានឃើញមិត្តដ៏កំសត់ និង នឹកដល់ពាក្យមួយឃ្លាដែលមិត្តធ្លាប់បាននិយាយក្នុងស្ថានភាពសង្គ្រោះ បន្ទាន់នោះ ក៏បានធ្វើឲ្យមិត្តគ្រប់គ្នាខ្សឹកខ្សួលអួលដើមក ទឹកភ្នែកហូរមកដោយក្តីស្រឡាញ់អាណិត ក្នុងថ្ងៃពាក់សក្តិទៅវិញ។
ម្នាក់ៗ ក៏បានសម្តែងការថ្លែងអំណរគុណផងដែរ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍តែងដឹកនាំអាវុធហត្ថទូទាំងប្រទេស ប្រកបដោយ ភាពឈ្លាស់វៃ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ បានប្តេជ្ញាអនុវត្តការងារ តាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់វិន័យកងទ័ព គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post