![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpOdFGrff7H1tzPbTDmSU4FeZHAKtey2gGd9b5lMKg5ejin8AYOmcX-H-l3_VXX1fpainfjlFNEC4mvtAZ5FQIyoqIWHRfroGsOnXGTOu_1Raho2_QgzVxUTQvLVF3DIDYa3r2jgjuTw/s1600/Thumbnail-Recovered.jpg)
ភ្នំពេញៈ យ៉ាងហោចណាស់មានជនជាតិចិនម្នាក់ និងជនជាតិកូរ៉េម្នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងករណីផ្សេងពីគ្នា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយម្នាក់ស្លាប់ដោយរបួសធ្ងន់ ព្រោះតែលោតចេញពីលើម៉ូតូ និងម្នាក់ទៀត ស្លាប់ដោយជំងឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីស្លាប់លើកទី១ បានកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មី២ បានទទួលព័ត៌មានថា មានជនជាតិកូរ៉េម្នាក់ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។ ដែលជនជាតិកូរ៉េរូបនោះ ឈ្មោះ Chang in kyu ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៧E៣ ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបំភ្លឺពីឈ្មោះ ប្រាង សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៩៧Eo ជិតផ្ទះជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅថ្ងៃទី២៤ ខែកក្កដានេះ គាត់បានឃើញជនរងគ្រោះជាបងធម៌មិនសូវស្រួលខ្លួន ដោយគាត់មានជំងឺមហារីករើឡើង ខ្លួនក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកគាត់ទៅពេទ្យ លុះដល់បានរយៈពេលប្រហែលមួយម៉ោង ទើបគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_x164RP-iSpDHVd60HITdM9A_iXt67ELc4YAWZu8Nsv1z5uZwrUZ_v6-eDRkkpXndiSUrbspbFSMbu6xP2F7SqHcqrTI7ST5d3IUTOAS6ZG5cXnw0I_v_2G_WuKmGzsJQlTfzPfNTjgo/s1600/538732802.jpg)
បន្ទាប់ពីមានការរាយការណ៍ថា ជនជាតិកូរ៉េនោះស្លាប់នៅមន្ទីរពេទ្យហើយនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនជាតិកូរ៉េរូបនោះស្លាប់ដោយជំងឺ ។
សមត្ថកិច្ចបានបន្តទៀតថា ករណីស្លាប់លើកទី២ គឺកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានទទួលព័ត៌មានថា មានជនជាតិចិនម្នាក់ ស្លាប់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ដែលជនជាតិចិនរូបនោះឈ្មោះ Chen yuan zhi ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលផ្លូវលេខ១១១ សង្កាត់អូឬស្សី ខណ្ឌ៧មករា កាន់លិខិតឆ្លងដែនលេខ E៥៧២៨៤៥២៤ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWnJFJOwAeB4q62ydRWKP6Ex-CRbAU0UJ8cpcF8UJSGJEJFgwVEptvbMjZR6aC4B5225ozxb_rCYAFMOALaSo6619yPgOXdZq_U0A015HSWlky5JQR0UO3HlNWNkeYM-qkhonXCBjtjM/s1600/538732803.jpg)
តាមការបំភ្លឺពីឈ្មោះ ជា រីន ជានគរបាលការពារគោលដៅសាលារាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៖៥០នាទី មានជនជាតិម្នាក់ បានជិះម៉ូតូកង់បីមកពីទិសខាងត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចខាងមុខសាលារាជធានីភ្នំពេញ ស្រាប់តែជនជាតិនោះ បានលោតចេញពីម៉ូតូកង់បី បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ក៏ត្រូវបានប្រជាពលរដ្ឋហៅរថយន្តពេទ្យកាល់ម៉ែត មកដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ ។
បើការបំភ្លឺពីឈ្មោះ Yang Zhi Jian និងមិត្តភក្តិ២នាក់ទៀត បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២២ ខែកក្កដា វេលាម៉ោងប្រហែល១១៖៣០នាទីយប់ ជនរងគ្រោះបានចូលផឹកស៊ីនៅក្លិបកាសាដល់ម៉ោងប្រហែល១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែដដែល ជនរងគ្រោះបានចេញទៅមុនបាត់មិនដឹងទៅណា ពេលនោះមិត្តភក្តិបានទំនាក់ទំនងតាមទូរស័ព្ទដែលតែមិនចូល ហើយក៏មកមើលនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ឃើញជនរងគ្រោះកំពុងសង្រ្គោះនៅមន្ទីរពេទ្យតែម្តង ។
មិត្តភក្តិរបស់ជនរងគ្រោះ បានបន្តទៀតថា នៅថ្ងៃនោះដែលមិត្តភក្តិទាំងអស់គ្នា ក៏សម្រេចបញ្ជូនជនរងគ្រោះទៅពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដើម្បីសង្រ្គោះបន្ត លុះមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យដោយបញ្ជាក់ថា ជនរងគ្រោះរូបនោះ ស្លាប់ដោយការប៉ះទង្គិច(របួសធ្ងន់)។ បច្ចុប្បន្នសពជនជាតិចិន និងជនជាតិកូរ៉េ ត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBBwPAXuJjwmfRtQwizpurwLxyvoEAfkoMDq34BAryxj8lwc0tHezAmgQkplEaEUPRT052M98PD2IUcuN72XxuWQP0Mse4GOlD8F4vf-Qozd3iEapatrj-TepRHU7JewCxSyjaOs1tMo4/s1600/538732804.jpg)