ព្រះសីហនុៈ ប្រធានស្នាក់ការអង្គការម្នាក់ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្លាំងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ឈ្មោះ ឈឹម សុផាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រធានស្នាក់ការអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្រ្តចម្រុះប្រចាំខេត្តព្រះសីហនុ មានទីលំនៅភូមិចាប់ខ្លួន។
កងរាជអាវុធហត្ថខេត្ត បានបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺជាប់ពាក់ព័ន្ធពីបទប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា ក្នុង(មាត្រា៦១៦) និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ(មាត្រា៦២១)និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង(មាត្រា៦៣០)។
ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន ៖ រថយន្ត Lexus RX400h ១គ្រឿង ពណ៌ស ពាក់ស្លាកលេខសារព័ត៌មានស្មារតី៧មករា អមតៈ 2K-0667, ឯកសណ្ឋានក្លែងបន្លំ ១សម្រាប់, មួកក្លែងបន្លំចំនួន២, ស្លាកឈ្មោះឧត្តមសេនីយ៍១សន្លឹក, ប័ណ្ណព័ត៌មានចំនួន៦សន្លឹកនិងលិខិតតែងតាំងឯកឧត្តម ឈឹម សុផាត ចំនួន១សន្លឹក៕