
ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ សល់តែដង្ហើមចង្រឹត ខណៈកំពុងជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ស្រាប់តែមានរថយន្តបែនដឹកដី បើកបុកកិនម៉ូតូជាប់ពីក្រោមរថយន្តអូសប្រហែល២០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ខាងត្បូងវត្តភ្នៀត ក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជឿន ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ត្នោតខ្ពស់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាកHonda Dream សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-6147។ ចំណែករថយន្តបង្កម៉ាក ហ៊ីណូ បែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8990 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់។

តាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ក្នុងគោលបំណង់ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវតូចចង្អៀត ត្រូវបានរថយន្តបង្កបើកល្បឿនលឿនផង បុកចំពីមុខ កិនអូសច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តដឹកដីពេញ បើកតាមផ្លូវខាងលើពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បុកម៉ូតូពេញទំហឹង កិនអូសច្រើនម៉ែត្រ ជាប់ម៉ូតូពីក្រោមរថយន្ត ខ្ទេចស្ទើរទាំងស្រុង អ្នកបើកបរម៉ូតូរងរបួសធ្ងន់ បាក់ដៃ បាក់ជើង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ហៅរករថយន្តគ្លីនិករស្មី ដឹកបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ៕
