ត្បូងឃ្មុំៈ ដោយពិនិត្យឃើញស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ បានហក់ឡើងយ៉ាងកំហុក សម្រាប់ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបានហក់ឡើងក្នុងមួយយប់ជិតកន្លះម៉ែត្រឯណោះ ធ្វើឲ្យកម្ពស់ទឹកកើនឡើងកម្ពស់១២.១៥ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញឡើង០.៣៨ម៉ែត្រ គឺខ្ពស់ជាងឆ្នាំមុនដែលមានកម្ពស់ទឹកត្រឹមតែ១១.៥៤ម៉ែត្រប៉ុណ្ណោះ។
ដោយស្ថានភាពទឹកទន្លេមេគង្គ បានហក់ឡើងខ្លាំង បង្កងផលប៉ះពាល់ បាក់ជ្រាំងទន្លេ នៅចំណុចវត្តរកាធំ ឃុំជីរោទិ៍ទី១ទំហំ១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ និងនៅភូមិទួលគរ ឃុំទន្លេបិទ ទំហំ៤ម៉ែត្រទៅ៥ម៉ែត្រ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បូងឃ្មុំ បណ្តាលឲ្យបាក់ស្រុតបង្គន់សង់ពីបេតុងចាស់ៗ មិនប្រើប្រាស់ចំនួន២ បានបាក់ចូលក្នុងទន្លេ ដែលអាចបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋប្រមាណ៥គ្រួសារ។ ដោយឡែក នៅចំណុចផ្លូវលំ ឃុំឈូក ឆ្ពោះទៅកាន់ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិចមិនអាចធ្វើដំណើរបាន។
ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការបន្ទាន់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំ ដល់អធិការដ្ឋានក្រុង-ស្រុក ពិសេសត្រូវប្រមូលផ្តុំកម្លាំងត្រៀម ចុះជួយប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងទន្លេ និងផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយសង្គ្រោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព តាមការជាក់ស្តែង៕