header ads

Sponsor

ពិសី

ភ្នំពេញៈ រយៈពេលប្រមាណជិត២ខែ ដែលសម្ដេចព្រះសក្យមុនី រ័ត្ន សារឿន សមាជិកថេរៈសភាសង្ឃ នៃពុទ្ធសាសនា និងជាព្រះអនុគណខណ្ឌសែនសុខ បាននិមន្តទៅបំពេញព្រះសកម្មភាពវិស័យព្រះពុទ្ធសាសនានៅប្រទេសបារាំង ហើយបាននិមន្តមកដល់មាតុភូមិវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះអង្គ បានមានថេរៈដិការជម្រាបជូនពុទ្ធបរិស័ទថា ក្នុងឱកាសគង់នៅបារាំងមួយរយៈនេះ ញាតិញោមដែលជាអ្នកគោរពប្រតិបត្តិវិស័យព្រះពុទ្ធសាសនា បានបង្ហាញនូវការគាំទ្រ និងកោតសរសើរដល់កិច្ចប្រតិបត្តិបានល្អ ចំពោះព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ពិសេស លើការងារសិក្សា និងការគោរពប្រតិបត្តិធម៌វិន័យបានយ៉ាងល្អប្រសើររបស់ព្រះសង្ឃកម្ពុជា ។

ព្រះសក្យវង្ស រ័ត្ន សារឿន មានព្រះថេរៈដិការបញ្ជាក់ទៀតថា ជាការពិតសាសនាជាតិមួយ អាចនៅគង់វង្ស និងរីកចម្រើនទៅបាន គឺអាស្រ័យដោយមានការគោរពប្រតិបត្តិត្រឹមត្រូវ ពីអ្នកដែលមានជំនឿ ក្នុងនោះមានទាំងអ្នកបួស និងប្រជាពុទ្ធបរិស័ទផងដែរ។ បើនិយាយអំពីព្រះពុទ្ធ សាសនានៅកម្ពុជា ព្រះអង្គក៏បានអំពាវនាវជាទូទៅដល់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទឲ្យគិតគូរក្នុងការផ្តល់គុណតម្លៃទៅលើសាសនារបស់ជាតិ ដោយមិនត្រូវប្រព្រឹត្តិអំពើអ្វីដែលនាំឲ្យប្រាសចាក និងធ្វើឲ្យមានការអាប់អោនដល់ព្រះពុទ្ធសាសនាឡើយ។ ផ្ទុយទៅវិញអ្នកដែលមានជំនឿចំពោះព្រះពុទ្ធសាសនា ត្រូវធ្វើអំពើល្អជាកុសល ត្រូវឃ្លាតចាកឲ្យឆ្ងាយពីអកុសលកម្មទាំងឡាយ ដែលនាំឲ្យខ្លួនវិនាស ។

សម្ដេចព្រះសក្យមុនី រ័ត្ន សារឿន បានបញ្ជាក់បន្ថែមថា ក្នុងពេលបំពេញសកម្មភាពនៅបារាំងនេះ គឺក្នុងន័យជាផលប្រយោជន៍ខាងវិស័យព្រះពុទ្ធសាសនា ក្នុងនោះព្រះអង្គបាននិមន្តទៅកាន់រដ្ឋជាច្រើន ដោយបានធ្វើការផ្សព្វផ្សាយអំពីការងារព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទៅកាន់បងប្អូនខ្មែរដែលកំពុងរស់នៅទីនោះ ហើយជាលទ្ធផលគឺពួកគាត់បានគាំទ្រ ដល់កិច្ចប្រតិបត្តិចំពោះព្រះពុទ្ធសាសនានៅមាតុភូមិកំណើតរបស់ខ្លួនជាច្រើន ។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះអង្គក៏បានជម្រាបជូនបងប្អូនខ្មែរ ក៏ដូចជា ជនអាមេរិក អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយការរីកចម្រើនរបស់ប្រទេសជាតិ នៅលើពហុវិស័យនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនផងដែរ។ ដូច្នេះ ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿងបន្ថែមទៀត ដើម្បីទុកជាគ្រឹះសម្រាប់ប្រៀនប្រដៅមនុស្សឲ្យមានធម៌ខន្តី យោគយល់អធ្យាស្រ័យ ដែលនាំមកនូវសុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាកត្តាធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ហើយសុខសន្តិភាពនេះហើយនឹងនាំមកនូវការអភិវឌ្ឍន៍ និងក្តីសុខសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post