header ads

Sponsor

ពិសី

បាត់ដំបងៈ លម្អងធូលី និងកម្ទេចពោត  ដែលសាយឡូ ឬកន្លែងសម្ងួត​ពោតមួយកន្លែង ក្នុងស្រុកសំពៅលូន បាននឹងកំពុងធ្វើការបង្ហុយពាសវាល ពាសកាល ទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិ  ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្តឹងទៅអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់ បន្ទាប់ពីពួកគាត់មិនអាចទ្រាំបាននូវកម្ទេច លម្អងទាំងនេះ។

រយៈពេលប្រមាណ១សប្តាហ៍មកនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រតិកម្មយ៉ាងខ្លាំងទៅលើទីតាំង សាយឡូមួយ​កន្លែង យីហោ “សុកាន់យ៉ា”  ដែលយីហោនេះ គឺជាឈ្មោះរបស់ថៅកែស្រី ដែលមានដើមកំណើតជាជនជាតិថៃ ដោយសារតែទីតាំងខាងលើនេះ បានធ្វើការបង្ហុយនូវលម្អង កម្ទេចពោតតាមខ្យល់ពាសវាល ពាសកាល។ ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ប្រមាណជា១០គ្រួសារ បានកើតទុក្ខមិនសុខចិត្ត  ដោយសារតែពួកគេមិនអាចទ្រាំបាននូវការបង្ហុយកម្ទេចពោតចេញពី សាយឡូសុកាន់យ៉ា  ហើយបញ្ហានេះបានកើតឡើងជារៀងរាល់ឆ្នាំ ពិសេស គឺដល់រដូវពោតម្តងៗ គឺពួកគាត់សឹងតែមិនអាចរស់នៅក្នុងផ្ទះកើត។

ពួកគាត់បានសង្កត់ធ្ងន់ថា បញ្ហានេះបានកើតឡើងតាំងពីជំនាន់លោកអភិបាលស្រុកមុន ប៉ុន្តែរាល់ពាក្យបណ្តឹងរបស់គាត់ គឺហាក់បីដូចជាគេមិនសូវយកចិត្តទុកដាក់ទាល់តែសោះ ឯការបង្ហុយនៅតែមាន​ដដែល គឺគ្មានការប្រែប្រួលនោះទេ មិនខុសអីពីការត្រូវថ្នាំសណ្តំ របស់ម្ចាស់សាយឡូនោះឡើយ។

ជុំវិញបញ្ហានេះ  អ្នកយកព័ត៌មានយើ​ង​បានសាកសួរទៅលោក ងាវ ប៊ុនយាង អភិបាលស្រុក សំពៅលូន កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨  ដោយលោកបានលើកឡើងថា បញ្ហានេះ គឺលោកបានទទួលតាំងពី២ថ្ងៃមុន ដោយលោកបានពិនិត្យទៅឃើញថា ម្ចាស់សាយឡូបានយកស្បៃមកបាំងដែរ  តែនៅមិនឈ្នះកម្លាំង​ខ្យល់ ដូច្នេះលោកនឹងធ្វើការកោះហៅ ភាគីទាំងសងខាង ដើម្បីមកសម្របសម្រួល និងរកវិធីដោះស្រាយរួមមួយ ក្នុងការរិះរកច្រកចេញឲ្យ​បាន ព្រមទាំងមានការឯកភាពពីភាគីទាំងសងខាង ទើបបញ្ហានេះបានស្ងប់ បើមិនដូច្នេះទេ គឺនៅតែមិនអាចដំណើរការក្នុងកិច្ចការសាយឡូនោះបានទេ ត្រូវតែរកច្រកចេញឲ្យបានសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post