header ads

Sponsor

ពិសី

ភ្នំពេញៈ ដើម្បីធានាដល់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័ននានា អាជ្ញាធរដែនដី ព្រមទាំងអំពាវនាវ នឹងលើកទឹកចិត្តដល់មាតាបិតា ឬអ្នកអាណាព្យាបាល បេក្ខជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង។

បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡង សរុបចំនួន ១១៧ ០៦១ នាក់ មានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤៧៦១បន្ទប់ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ។

ក្រសួងបានប្រើប្រាស់ គណៈមេប្រយោគចំនួន៣១ ១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន ១៥៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤៤០០នាក់ ។ ឆ្នាំនេះដែរ ក៏មានការចូលរួមពី អ្នកសង្កេតការណ៍មកពីអង្គភាព ប្រឆាំងអំពើពុករលួយ មានចំនួនជាង ៦ពាន់នាក់ ។ ក្រសួងនឹងរៀបចំប្រធានវិញ្ញាសារ សម្រាប់ប្រឡងចំនួន ៧មុខវិជ្ជា ។

សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ ទោះបីជាមានបេក្ខជន ប្រឡងជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ ។ ក្រសួង ចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ការប្រឡងនេះ ។ សម្រាប់លទ្ធផលនៃ ការប្រឡងបេក្ខជន ដែលមាន ៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ២៣៧ ជាប់មធ្យម។

យោងតាមសារាចរណែនាំស្ដីពី ការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ថ្ងៃទី២០ សីហា ២០១៨ របស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានណែនាំ ក្រសួងអប់រំ ត្រូវរៀបចំមណ្ឌលប្រឡង ប្រមូលផ្ដុំនៅតាមរាជធានី-ខេត្ត និងទីរួមស្រុកធំៗ នៃខេត្តមួយចំនួន ដោយជ្រើសរើសយកគ្រឹះស្ថានសិក្សា ដែលមានបរិស្ថានល្អ បរិយាកាសស្ងប់ស្ថាត់ មានរបងព័ន្ធជុំវិញ មានទ្វារចេញចូល មានដំបូលគត់មត់ល្អ មានទ្វារបង្អួចគ្រប់គ្រាន់ និងមានបណ្ដាញទឹក ភ្លើង និងត្រូវរៀបចំជួសជុលមណ្ឌលប្រឡង ឲ្យស្របតាមការណ៍ កំណត់តាមការចាំបាច់ និងត្រូវសហការជាមួយ គ្រប់ក្រសួងស្ថាប័ននានា ដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នៅគ្រប់ដំណាក់កាល នៃការប្រឡងទាំងអស់។

សារាចរក៏បានឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបើកផ្ដល់បុរេប្រទានថវិកា ប្រឡងស្របតាមគោលការណ៍ សម្រាប់ចំណាយដែលកំណត់ ដោយប្រកាសអន្ដរក្រសួង ។ ក្រសួងមហាផ្ទៃ ត្រូវណែនាំឲ្យអភិបាលរងនៃ គណៈអភិបាលរាជធានី-ខេត្ត ចូលរួមត្រួតពិនិត្យ និងបញ្ហាដោយផ្ទាល់ដល់សមត្ថកិច្ច ក្នុងការរក្សានូវសុវត្ថិភាពវិញ្ញាសារ ។ ក្នុងនោះអាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវរៀបចំកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌល ប្រឡងនីមួយៗក្នុងរាជធានី-ខេត្ត។ អង្គភាពប្រឆាំងអំពើ ពុករលួយត្រូវគ្រប់គ្រង និងជ្រើសរើសអ្នកសង្កេតការណ៍ ស្ម័គ្រចិត្តពីសមាគម សង្គមស៊ីវិល និងបុគ្គលឯកជន ដើម្បីចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងនៅ គ្រប់ដំណាក់កាលនៃប្រឡង ។

ជាពិសេសក្រសួងសុខាភិបាល ត្រូវរៀបចំឲ្យមានបុគ្គលិកសុខាភិបាល ប្រចាំការតាមមណ្ឌលប្រឡងនីមួយៗ ក្នុងរាជធានី-ខេត្ត និងប្រដាបដោយបរិក្ខារ និងថ្នាក់ពេទ្យចាំបាច់ដើម្បី បម្រើឲ្យកិច្ចការសង្គ្រោះបឋម។ ចំណែកក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់ររដ្ឋ និងឯកជន ផ្សព្វផ្សាយបទប្បញ្ញត្តិ ទូទៅសម្រាប់បេក្ខជន និងបទប្បញ្ញត្តិនិងកម្រិតវិន័យ ចំពោះបេក្ខជនដែលប្រព្រឹត្ត ខុសឆ្គងនៅពេលប្រឡង ដោយផ្សព្វផ្សាយឲ្យបានយ៉ាងតិច ៣ដងក្នុង១ថ្ងៃ ក្នុងរយៈពេល ១សប្ដាហ៍មុនប្រឡង។ ចំពោះអគ្គិសនីកម្ពុជាត្រូវរក្សា ស្ថេរភាពចរន្ដអគ្គិសនី នៅតាមមណ្ឌលសំណេរ និងមណ្ឌលកំណែទូទាំងប្រទេស។

សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ របស់រដ្ឋាភិបាលកម្ពុជា។ បុគ្គលិកអប់រំដែលចូលរួមធ្វើជា គណៈមេប្រយោគប្រឡង នៅគ្រប់ដំណាក់កាលនៃការប្រឡង ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ។

ដោយឡែកមាតាបិតា ឬអាណាព្យាបាលបេក្ខជនត្រូវណែនាំ បេក្ខជនឲ្យខិតខំរក្សាសុខភាព ផ្ទាល់ខ្លួនក្នុងពេលប្រឡង ត្រូវបរិភោគអាហារសុខភាព សម្រាកឲ្យបានគ្រប់គ្រាន់ ។ បេក្ខជនត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ជាដាច់ខាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post