header ads

Sponsor

ពិសី

ភ្នំពេញៈ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្ដីក្រសួងព័​ត៌មាន​ ចេញមុខ​រិះគន់អ្នកយករថយន្ដស្ថាប័នរដ្ឋហែបក្សប្រជាជន​ ខណៈ​ដែល​មុនថ្ងៃ ចាប់ផ្តើមយុទ្ធនាឃោសនាបោះឆ្នោត សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានអំពាវនាវឲ្យគ្រប់ បណ្តាស្ថាប័នរដ្ឋ និងមន្ត្រីរាជការ ដែលធ្វើការនៅ ស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែលចូលរួមក្នុងយុទ្ធនាការនៃ ការឃោសនារកសំឡេងឆ្នោតទាំងអស់ មិនត្រូវប្រើប្រាស់ ទ្រព្យសម្បត្តិរដ្ឋ ថវិការដ្ឋមធ្យោ​បាយរដ្ឋ… ដើម្បីយកទៅធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនោះឡើយ។

សម្តេចថា ស្ថាប័ន ពាក់ព័ន្ឋទាំងអស់ត្រូវធ្វើការឲ្យបានប្រាកដប្រជាដើម្បីធានាថា រាល់នូវមធ្យោបាយរបស់រដ្ឋទាំងអស់ គឺមិនត្រូវបានយកទៅបម្រើសម្រាប់បក្សនយោបាយណាមួយ ឡើយ ក្នុងនោះ គឺមានរថយន្តរដ្ឋ រួមទាំងស្លាករថយន្តនគរបាល និង កងកម្លាំងប្រដាប់អាវុធ។ គឺត្រូវប្រើប្រេងសាំង និងមធ្យាបាយផ្ទាល់ខ្លួន ដែលមិនមែនជារបស់រដ្ឋ ក្នុងការធ្វើយុទ្ធនាការ បោះឆ្នោតខាងមុខនេះ។

ការចេញ​មុខរិះគន់នេះ​ បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែករថយន្តស្លាកលេខនគរបាល និងយោធា ហែបក្សគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងធ្វើការរិះគន់ យ៉ាងចាស់ដៃនោះ។ នៅពេលនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ក៏បានចេញមុខរិះគន់ចំពោះទង្វើខាងលើនេះផងដែរ។

ក្នុងផេកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១១ កក្កដា នេះ លោកបានសរសេរថា «មនុស្សល្ងង់ខ្លៅ នាំគេប្រមាថដល់បក្ស»។

ជុំវិញការរិះគន់លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាឲ្យគណបក្សនោះ អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។ អ្នកពាក្យបញ្ជាក់បែបនេះ ប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី១១ ខែកក្ដា ឆ្នាំ២០១៨។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់យ៉ាងដូច្នេះថា “ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់ជម្រាបពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ”។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត តាម​មាត្រា១៥៨ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណា ដែលប្រើប្រាស់សម្ភារៈ មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។

ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ១០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post