header ads

Sponsor

ពិសី

ស្វាយរៀងៈ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ដោយសារបុរសជាជាងសំណង់ស្រវឹងស្រាជោគជាំ បើកម៉ូតូបុកពីក្រោយ ខណៈកំពុងដើរថ្មើរជើងតាមដងផ្លូវ កាលពីវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវលេខ314D ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ធី បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសធ្ងន់) បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ314D (តាមចិញ្ចើមផ្លូវ) ។

ប្រភពបានបន្តឲ្យដឹងទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1U-6579 បើកបរដោយឈ្មោះ សូ សាវ៉េត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង (ពាក់មួកសុវត្តិភាព) ទាំងស្រវឹងស្រាជោគជាំ បើកម៉ូតូរេពេញផ្លូវ ក៏បានបុកពីក្រោយកុមារា ធី បញ្ញា ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង និងចិញ្ចើមខាងស្ដាំ ។

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ គេឃើញមានពលរដ្ឋរស់នៅម្តុំនោះ ចេញមកជួយជនរងគ្រោះនិងរាយការណ៍មកសមត្ថកិច្ច ចុះទៅកន្លែងជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជួយសម្រួលនិងហៅរថយន្តសាម៉ុយដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប បច្ចុប្បន្នជនរងគ្រោះនឹងអ្នកបើកម៉ូតូ នៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីធ្វើការសង្គ្រោះ ។

ចំពោះមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប្រសូតិ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post