header ads

Sponsor

ពិសី

ភ្នំពេញៈ តារាចំរៀងជើងចាស់ម្ចាស់បទ ដីថ្លៃប្រឡៃស្នេហ៍ លោក ម៉ារ៉ា ប៊ុណា បានបើករថយន្តម៉ាក TICO មួយគ្រឿង ដែលទើបនិងទិញឡើងពណ៌ទឹកមាស បំរុងថត MV បទថ្មីរបស់ខ្លួន តែក៏ងងុយដេកងោកមួយផាំង ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យផ្នែកខាងលិច តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

បើតាមសម្តីពីតារាចំរៀងជើងចាស់ លោក ម៉ារ៉ា ប៊ុណា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តមួយគ្រឿង ពណ៌ស ឡើងពណ៌ទឹកមាស ពាក់ស្លាកលេខ ច-៧១២៤ ភព១ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅមកពីវិទ្យាល័យជាស៊ីមសាមគ្គី ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ ដោយសារតែគាត់ងងុយដេកខ្លាំងពេក ក៏ងោកមួយផាំង ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង និងរងការខូចខាតដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ ចំណែកឯបង្កាន់ដៃស្ពាន គឺពុំមានរងការខូចខាតនោះទេ។ ភ្លាមៗនោះតារាចំរៀងជើងចាស់ខាងលើ ក៏បានហៅប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ឲ្យជួយរុញរថយន្តរបស់ខ្លួន យកទៅដាក់នៅលើចិញ្ចើមផ្លូវ រួចក៏ឡើងជិះរថយន្តមួយគ្រឿងទៀតចេញទៅបាត់ទៅ ។

បើតាមសម្តីពីមិត្តភក្តីរបស់តារាចំរៀងជើងចាស់ខាងលើម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រថយន្តទិកកូខាងលើនេះ គឺលោក ម៉ារ៉ា ប៊ុណា ទើបតែទិញពីតារាចំរៀងជើងចាស់ម្នាក់ទៀត គឺនាយ ផ្លាក់ទីន បំណងយករថយន្តខាងលើមកថត MV បទថ្មីរបស់គាត់​ ដែលគ្រោងនិងចេញក្នុងពេលឆាប់ៗនេះ គឺបទ" TICO បង់រំលួស "។ តែមិនទាន់និងបានថតផង បែរជាទៅជួបគ្រោះថ្នាក់ចរាចរណ៍​ បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ មិត្តភក្តីរបស់តារាចំរៀងជើងចាស់ខាងលើនោះ បានទាក់ទងហៅរថយន្តស្ទូចមកធ្វើការស្ទូចយករថយន្តខាងលើចេញទៅបាត់ទៅ ដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post