ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក៤នាក់ ត្រូវពលរដ្ឋក្របួចឲ្យសមត្ថកិច្ច ក្រោយពីពួកគេពីធ្វើសកម្មភាពទម្លាក់យោងឆបោកយកប្រាក់ និងគ្រឿងអលង្ការពីកម្មការិនីម្នាក់អស់ពីខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ នៅតាមផ្លូវលំ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ប៊ិ សុខម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ រីឯបក្ខពួក៣នាក់ទៀត ក្នុងនោះប្រុសម្នាក់ និងស្រី២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ នារីរងគ្រោះឈ្មោះ អ៊ុល លីដា អាយុ២៧ឆ្នាំ ជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ប្រាក់ និងគ្រឿងអលង្ការ ដែលបាត់បង់រួមមាន ៖ កងដៃមួយឈុត តម្លៃជាង៣០០ដុល្លារ ក្រវិលមាសមួយគូ, ទូរស័ព្ទដៃសាំសុង១គ្រឿង, លុយ១០០ដុល្លារ និងលុយខ្មែរ២ម៉ឺនរៀល។
នារីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៥០នាទីព្រឹកថ្ងៃកើតហេតុ នាងបានធ្វើដំណើរទៅធ្វើការនៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ស្រាប់តែមានស្ត្រីម្នាក់ ដើរតាមមកសួរថា «មានរើសបានកញ្ចប់មាសទេ មានគេជ្រុះបាត់ ក្នុងនោះមានមាស៨តម្លឹង» ។ ភ្លាមៗ ស្រាប់តែមានស្ត្រីម្នាក់ទៀតធ្វើជាមកប្រាប់ថា «កុំមាត់ ខ្ញុំរើសបាន យើងទុកដូរចែកគ្នា» ព្រមទាំងបើកកូនថង់ឲ្យមើល មានលោហៈពណ៌ក្រហមច្រាល។
នារីរងគ្រោះ បានបន្តថា ពេលនោះស្ត្រី២នាក់ ក៏បានបបួលនាងជិះម៉ូតូ២គ្រឿង ទៅដូរចែកគ្នា ដែលម៉ូតូទាំង២គ្រឿងសុទ្ធជាបក្ខពួករបស់ក្រុមជនសង្ស័យ។ នៅពេលធ្វើដំណើររហូតដល់ផ្លូវលំភូមិ ទ្រុងមាន់ ទើបឈប់ហើយ ស្ត្រីដែលជាជនសង្ស័យបានលាមាត់ថង់ឲ្យនារីរងគ្រោះមើលម្តងទៀត នឹងនិយាយបញ្ចុះបញ្ចូលអោយនាងដោះគ្រឿងអលង្ការ ហើយទាមទារប្រាក់ និងយកទូរស័ព្ទពីនារីរងគ្រោះ រួចក៏បានប្រគល់កញ្ចប់នោះឱ្យនារីរងគ្រោះ ហើយក្រុមជនសង្ស័យ ក៏បានឡើងជិះម៉ូតូមួយគ្រឿងទៀតចេញទៅដោយប្រាប់នាងថា ចាំនៅទីនេះហើយ ទៅដូរចែកគ្នា ។
នាងបន្តទៀតថា ពេលដែលស្ត្រី២នាក់ ព្រមទាំងប្រុសម្នាក់ជិះទៅបាត់ នារីរងគ្រោះបានលាកញ្ចប់នោះមើល ឃើញសុទ្ធតែគ្រាប់សំណ ទើបដឹងខ្លួនចាញ់បោកគេ ក៏បានអោយម៉ូតូមួយគ្រឿង ដែលដឹកមកជិះដេញតាមបានបន្តិច ក៏ប្រាប់ថា «ចុះសិន អស់សាំង» នាងក៏បានចាប់អារម្មណ៍ថា ជាបក្ខពួករបស់ក្រុមជនសង្ស័យ ហើយនាងក៏បានស្រវាចាប់ចង្កេះខោជនសង្ស័យម្នាក់នោះជាប់ ស្រែកឆោឡោផ្អើលពលរដ្ឋនាំគ្នាចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។
ពេលឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបក្ខពួករបស់ក្រុមជនសង្ស័យ ដែលគេចខ្លួននោះមែន ហើយជនសង្ស័យម្នាក់នោះ ក៏បានសំណូមពរដល់នារីរងគ្រោះកុំឲ្យប្តឹង ចាំទូរស័ព្ទឲ្យបក្ខពួកខ្លួនយកប្រាក់មកប្រគល់ឲ្យនាងវិញ តែទោះបីជាយ៉ាងណា សមត្ថកិច្ចពុំព្រម ហើយកសាងសំណុំរឿងចាត់ការតាមច្បាប់៕