
ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការឃាត់ខ្លួន បន្ទាប់ពីចុះត្រួតពិនិត្យហាងកោសជប់ និងម៉ាស្សាមួយកន្លែងយីហោ “រីករាយ” នៅតាមផ្លូវលេខ៣៧១ ស្ថិតក្នុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។


ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីនគរបាលប៉ុស្តិ៍បឹងទំពុន២ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ។
ជាលទ្ធផលកម្លាំងបានពិនិត្យរកឃើញ ជនបរទេស ចំនួន១១នាក់ ក្នុងនោះមានស្រី ១០នាក់ សុទ្ធតែជាជនជាតិវៀតណាម ដែលបានលួចចូលមកស្នាក់នៅ និងប្រកបរបរ ដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។



ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមខាងលើនេះ បានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ ពិនិត្យឯកសារ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕


