
បាត់ដំបងៈ យុវជន២នាក់ ម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីម៉ូតូ២គ្រឿង បើកបរច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ហើយបានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
មេប៉ុស្តិ៍នគរបាលឃុំភ្នំសំពៅ លោក ម៉ី ឆេងលី បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយឡើងជែងគោយន្តមួយគ្រឿង ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ដែលបើកបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងពីរ លុះដល់ម៉ោង៧យប់ ជនរងគ្រោះបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យខេត្តបាត់ដំបង។


លោកមេប៉ុស្តិ៍ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ បប១V-០៧៨៧។ ចំណែកជនរងគ្រោះ ដែលបានស្លាប់ឈ្មោះយឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិធ្ងើ ឃុំចែងមានជ័យ ស្រុកបាណន់ជាមួយគ្នា បើកបរម៉ូតូម៉ាក ហុងដា C១២៥ ស៊េរី២០១៨ ពណ៌ក្រហម គ្មានស្លាកលេខ។

ក្រោយកើតហេតុម៉ូតូទាំង២គ្រឿង សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការស្រុកបាណន់ ឯសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
