header ads

Sponsor

ពិសី

កំពតៈ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីរងនូវការរិះគន់ មួលបង្កាច់ ដាក់គំនាប ឬចោទប្រកាន់ទាំងអយុត្តិធម៌ជាបន្តបន្ទាប់យ៉ាងណាក្តី គណបក្សកាន់អំណាច តែងមានធម៌ខន្តី និងសន្តោសប្រណីជាប់ជានិច្ចចំពោះគូប្រជែង ព្រោះធ្វីដែលគណបក្សកាន់អំណាចធ្វើ គឺដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ទៅក្រុមការងារយុវជនគណបក្សខេត្តថា ក្នុងនាមជាយុវជន ត្រូវមើលគំរូប្រមុខថ្នាក់ដឹកនាំរបស់បក្ស កុំយកចិត្តទុកដាក់ពេករឿងក្រុមប្រឆាំង ប៉ុន្តែត្រូវប្រព្រឹត្តតែអំពើល្អ សកម្មកការងារបម្រើប្រជាពលរដ្ឋ សហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរ ជាពិសេសត្រូវតែងមានភាពខន្តី និងធម៌សន្តោសប្រណីជាប់ក្នុងខ្លួនជាងនិច្ច ដូចបក្សកាន់អំណាចដូច្នេះដែរ ដើម្បីទទួលបានលទ្ធផល និងជោគជ័យជាទីគាប់ប្រសើរ។

ជាក់ស្តែង អ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជា បាន និងកំពុងធ្វើ គឺប្រព្រឹត្តអំពើល្អជួយបម្រើប្រជាពលរដ្ឋ ដែលមានភាពខ្វះខាត ក្រលំបាក និងខិតខំបង្កើតសមិទ្ធផលនានា ដើម្បីភាពរីកចម្រើនដល់ប្រទេសជាតិ។ ដោយឡែក សកម្មភាពរបស់អ្នកប្រឆាំងវិញ គ្មានអ្វីក្រៅពីដើរញុះញង់ មួលបង្កាច់ បន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ ក៏ដូចជាចោទប្រកាន់ទាំងអយុត្តិធម៌ជាបន្តបន្ទាប់ មកលើរាជរដ្ឋាភិបាលនោះទេ។

លោកអនុប្រធានក្រុមការងារបានបន្តថា ទោះបីជាបែបនេះក្តី ថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាច នៅតែអត់ធ្មត់ និងអធ្យាស្រ័យដោយមិនតបត ហើយជំនួសមកវិញ នូវការបន្តធ្វើល្អ ព្រមទាំងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង នាដំណាក់កាលនេះ នៅពេលដែលមន្ត្រីគណបក្សកាន់អំណាច កំពុងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់សិទ្ធិសម្រេចក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សកម្មជនរបស់អ្នកប្រឆាំងបែរជារិះរកល្បិចកល ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតរាំងស្ទះទៅវិញ ក្នុងនោះមានដូចជាការដើរឃោសនាកុំឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតជាដើម។

លោក ហ៊ុន ម៉ាណែត បានអំពាវនាវថា ជាកិច្ចឆ្លើយតបចំពោះគំនិតដ៏ពិសពុលនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តា ត្រៀមខ្លួនដើម្បីអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ កុំបីខាន ពិសេសយុវជនក្នុងក្រុមការងារត្រូវសកម្មក្នុងការចុះពន្យល់បងប្អូន ញាតិសន្តាន និងប្រជាជនគ្រប់មូលដ្ឋានឲ្យបានយល់ពីតម្លៃ និងអត្ថប្រយោជន៍នៃការបោះឆ្នោត ដោយបញ្ចៀសឲ្យបាននូវការបិទសិទ្ធិខ្លួនឯងជុំវិញករណីដ៏សំខាន់មួយនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post