header ads

Sponsor

ពិសី

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ស្ទើរមិនគួរឲ្យជឿដោយសារបុរសម្នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ហើយស្រាប់តែបែកកង់ខាងក្រោយ ធ្វើឲ្យរេចង្កូតឡើងទៅលើខឿនសួនច្បារកណ្ដាលទ្រូងផ្លូវ ទៅបុករះនឹងបង្កោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់កៀបអ្នកបើកបរជាប់ក្នុងរថយន្ត ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចខាងជើងវត្តឃ្មួញ ប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ព្រុំ សារុន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកគួកជេដី ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ២០ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯឃុំមេបុណ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ បើកបររថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5791 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ស្រាប់តែរថយន្តខាងលើបានបែកកង់ក្រោយចំហៀងខាងឆ្វេង ធ្វើឲ្យរថយន្តរេចង្កូតឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុករះបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រួមទាំងបង្គោលបង្ហាញទិសផ្លូវមួយទៀត បាក់រាបដល់ដី។ ចំណែកឯរថយន្តវិញ បានក្រឡាប់ផ្ងារជើងរួញជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ខ្ទេចស្ទើរទាំងស្រុង ខណៈអ្នកបើកបរត្រូវកៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់ភ្លាមៗគួរឲ្យអាណោចអាធ័ម។

ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ហើយប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ ក៏បាននាំគ្នាជួយគាស់ដែករថយន្ត ដើម្បីយកអ្នកបើកបរចេញពីក្នុងរថយន្ត តែគាស់មិនចេញក៏បានទាក់ទងហៅរថយន្តស្ទូចមកជួយស្ទូច និងនាំគ្នាជួយគាស់ដែកចេញអស់រយៈពេលប្រមាណជាងមួយម៉ោងទៀត ទើបអាចយកសពបុរសរងគ្រោះនោះ ចេញពីក្នុងរថយន្តចេញមកខាងក្រៅបាន ដោយឃើញមានលុយជាង៥០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងកាបូបលុយមួយមាន​អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ​ -ល-។

ក្រោយពេលកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង រួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។​ រីឯសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕

រូបភាព

រូបភាព

រូបភាព

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post