header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ស្តីទី បានអញ្ជើញក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង​ បំពាក់គ្រឿងឥស្សរិយយស និងបំពាក់ឋានន្តរសក្តិ​ ជូននាយទាហាន​ កងពលតូចថ្មើរជើងលេខ៥១ ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ភារកិច្ចរបស់កងទ័ពត្រូវបានមហាជនយល់កាន់តែច្បាស់និងអោយតម្លៃនៅក្នុងការបំពេញភារកិច្ចការពារទឹកដី។ នេះគឺជាការចូលរួមចំណែកពីមហាជន យុវជន និងគ្រួសារនូវការដឹងគុណចំពោះអតីតយុទ្ធជនដែលបានលះបង់គ្រប់យ៉ាងដើម្បីស្វែងរកសុខសន្តិភាពនិងការចូលរួមបន្តវេនក្នុងអាជីពជាកងទ័ពរបស់យុវជនជំនាន់ក្រោយ។ ហើយនេះក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងនៅក្នុងការបំពេញភារកិច្ចរបស់កងទ័ពដើម្បីជាតិនិងមាតុភូមិ ក្នុងការថែរក្សាសុខសន្តិភាព ការធ្វើអំពើល្អនិងការអនុវត្តជំនាញរបស់កងទ័ព។ នៅពេលដែលមហាជនយល់ពីគុណបំណាច់ គុណតម្លៃ ទាំងកិត្តិយសនិងជីវភាពរបស់អតីតយុទ្ធជននិងកងទ័ព នេះហើយគឺជាលទ្ធផលរបស់យើង។

លោកបន្តថា ជាមោទនភាពរបស់យើងដែលមានការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានបញ្ចប់សង្គ្រាម ដែលយើងមានពេលជាង ២០ ឆ្នាំនេះ អាចបញ្ចប់សង្គ្រាមក្នុងរយ:ពេលជាង៤០០ឆ្នាំ។ នេះមិនមែនជារឿងធម្មតានោះទេ។ មកដល់ម៉ោងនេះ យើងមានសុខសន្តិភាព ឯកភាពជាតិ មានកងទ័ពតែមួយ។ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ នៅក្នុងនោះរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយប្រើយន្តការដែលមានស្រាប់និងដោយសន្តិវិធីហើយទទួលបានជោគជ័យ។

លោកបន្ថែមថា កងទ័ពគឺជារបស់ជាតិ ហើយភារកិច្ចរបស់កងទ័ពគឺដូចគ្នាគ្រប់ជំនាន់ទាំងអស់។ទី១ គឺថែរក្សាសុខសន្តិភាពនិងសមិទ្ធិផលដែលកងទ័ពជំនាន់មុនបានកសាងបន្សល់ទុកឲ្យ។ ទី២ គឺកសាងនិងពង្រឹងបន្ថែមត្រៀមលក្ខណៈការពារជាតិ។ ដូច្នេះនាយទាហានត្រូវមានភារកិច្ចនិងទទួលខុសត្រូវខ្ពស់ អនុវត្តនូវបទបញ្ជារបស់កងទ័ពឲ្យបានម៉ឺងម៉ាត់។ អនុវត្តភារកិច្ចស្នូលក្នុងការការពារជាតិនិងបូរណភាពទឹកដី ក្នុងទិសដៅតែមួយក្នុងច្បាប់តែមួយ ដើម្បីការពារជាតិរយៈពេលវែង និងធានាឲ្យបាននូវភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងការពារសុខសន្តិភាពសម្រាប់ជាតិនិងប្រជាជន។

លោកបានបញ្ជាក់ថា ការពារជាតិដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីការពារជាតិ។ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រួមគ្នាកសាង ដើម្បីឲ្យមនុស្សកាន់តែខ្លាំងទៅពីមួយជំនាន់ទៅមួយជំនាន់។ នេះហើយគឺជាកាតព្វកិច្ចនិងភារកិច្ចអ្នកដឹកនាំកងទ័ព គឺទទួលភារកិច្ច ការទទួលខុសត្រូវ ដោះស្រាយតម្រូវការរបស់កងទ័ព រួមមានការធានានូវជីវភាពរស់នៅ ការកសាងសមត្ថភាពរបស់កងទ័ព។ នេះគឺជាការងារដ៏ចាំបាច់ក្នុងការផ្ទេរភារកិច្ចពីមួយជំនាន់ទៅមួយជំនាន់និងដើម្បីធានានិរន្តរភាពការការពារជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post