
ស្វាយរៀងៈ ក្មេងប្រុស២នាក់ បានលង់ទឹកប្រឡាយស្លាប់ ខណៈពួកគេឆ្លងប្រឡាយទឹកទៅដេញគោ ដែលកំពុងស៊ីស្រូវគ។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងរាយការណ៍មកសមត្ថកិច្ច កាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចប្រឡាយទឹកមួយ ស្ថិតក្នុងភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ក្មេងប្រុសទាំង២ បាននាំទៅមើលគោនៅស្រែ ហើយគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរស៊ីស្រូវគេ ក្មេងប្រុសទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោកុំឲ្យស៊ីស្រូវគេ ពេលក្មេងទាំង២ចុះប្រឡាយទឹកហែលឆ្លង ដើម្បីទៅដេញគោនោះ បណ្តាលឲ្យលង់ទឹកទាំង២នាក់តែម្តងទៅ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ឆោម វីរៈ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទី២ ឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា៕
