កំពង់ចាមៈ មុខសញ្ញាលួចដ៏សកម្មមិនចេះរៀងចាល ហើយធ្លាប់ជាប់ពន្ធនាគារ៦លើក ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម សម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាមម្ដងទៀត ពីបទប៉ុនប៉ងលួច។
សូមរំលឹកថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលា ម៉ោង៣ទៀបភ្លឺ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉េង ចាន់វុធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានចេញល្បាតក្នុងភូមិសាស្ត្រ មកដល់ចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រទះឃើញមុខសញ្ញាឈ្មោះ យក ភួងម៉ារី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមុខសញ្ញាចេញពីពន្ធនាគារច្រើនលើកហើយ ភ្លាមនោះស្រាប់តែមុខសញ្ញាខាងលើនេះ បានបោះឧបករណ៍កាច់សោម៉ូតូចោល រួមមាន សោរខ្សៀ០១ និងដែកកន្ទុយអន្ទង់២ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួន។
បើតាមប្រជាពលរដ្ឋលើកឡើងថា ជនសង្ស័យខាងលើ បើចាប់មិនបាន មិនដឹងថា តើមានបងប្អូនប្រជាពលរដ្ឋរូបណាទេ ដែលត្រូវបាត់បង់ទ្រព្យសម្បត្តិដោយសារជនល្មើសនេះ ព្រោះមុខសញ្ញានេះ ធ្វើសកម្មភាពលួចមិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ៦លើករួមមកហើយ ករណីលួចដូចគ្នា៕