សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិឱ្យចូលសវនការ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺពីការប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីអធិបតេយ្យមួយផ្នែក ។ យោងតាមដីកាបង្គាប់ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ដីកាបញ្ជាក់ថាដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីអធិបតេយ្យមួយផ្នែក ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថាអគ្គស្នងការនគរបាលជាតិ ជាដើមបណ្តឹង ក្នុងសំណុំរឿងនេះ។ ខេត្តទាំង៤ ដែលចោទប្រកាន់លោក សម រង្ស៊ី ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីអធិបតេយ្យមួយផ្នែក រួមមានមណ្ឌគិរី រតនគីរិ ក្រចេះ និងស្ទឹងត្រែង។
បណ្តឹងរបស់អគ្គស្នងការនគរបាលជាតិធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយវិដេអូឃ្លីបហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការចុះកិច្ចព្រមព្រៀងមួយតាំងពីឆ្នាំ២០១៣ រវាងលោក សម រង្ស៊ី និងលោក កុក ស ដែលត្រូវបានអះអាងថា ជាមេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ារបស់វៀតណាម។
ដោយឡែក លោក សម រង្ស៊ី ធ្លាប់បានបង្ហោះសារលើទំព័រហ្វេសប៊ុកបដិសេធរឿងនេះ ផ្ទុយទៅវិញលោកបានឆ្លើយថាសម្តេច ហ៊ុន សែន បំភ្លៃទាំងស្រុងនូវគំនិតរបស់លោក ស្តីពីវិមជ្ឈការដែលតម្រូវឱ្យយើងទទួលស្គាល់សិទ្ធិសម្រេចនៅមូលដ្ឋានរបស់ខ្មែរលើ ខ្មែរកណ្តាល និងខ្មែរក្រោម ដែលជាខ្មែរតែមួយ។ លោក សម រង្ស៊ី កំពុងតែរងការចោទប្រកាន់ពីក្រោម១០បទល្មើសឡើយ។