header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រុមហ៊ុន​ចិននឹងបើការដ្ឋានសាងសង់អាកាសយាន្តដ្ឋានអន្ដរជាតិអង្គរនៅខេត្តសៀមរាបជាផ្លូវការ ក្រោយពីការបោះឆ្នោតនៅកម្ពុជារួចរាល់​ ដែលមានរយៈពេលសាងសង់ពី ៣ឆ្នាំទៅ៥ឆ្នាំ។

កាលពីថ្មីនេះ​ លោក​ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្ត និង ប្រតិភូក្រុមហ៊ុនវិនិយោគអាកាសយាន ដ្ឋានអន្តរជាតិ អង្គរ ដឹកនាំដោយលោក Zou Yuhui  អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ទទួលខុស ត្រូវលើការរៀបចំប្លង់គម្រោង។

លោក Zou Yuhui ក៏បានលើកឡើងថា​ ក្រោយពេលប្រទេសកម្ពុជា ធ្វើការបោះឆ្នោតចប់រួចរាល់ ក្រុមហ៊ុន និងធ្វើពិធីបើកការដ្ឋានសាងសង់អាកាសយាន្ត ដ្ឋាននេះជាផ្លូវការ ដែលមានរយៈពេលសាងសង់ពី ៣ឆ្នាំទៅ៥ឆ្នាំទើបចប់រួចរាល់។

លោកអគ្គនាយករងក្រុមហ៊ុន បានបញ្ជាក់ថា ការសាងសង់អាកាស យានដ្ឋាននេះ ជាហេដ្ឋារចនាសម្ព័ន្ធមួយដ៏សំខាន់នៅពេលអនាគត ព្រមទាំងបានលើកស្ទួយ និង បង្កើនសមត្ថភាព នូវវិស័យអាកាសចរណ៍ទៀតផង។ ម៉្យាងវិញទៀត ក៏បានជួយជម្រុញដល់គោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត និង បានផ្តល់សារៈសំខាន់ និង ផលប្រយោជន៍ជាច្រើន ដល់ប្រពលរដ្ឋដែលរស់នៅក្នុងតំបន់ ក៏ដូចនៅក្នុងខេត្តសៀមរាបផងដែរ។

ក្នុងនោះដែរលោកអគ្គនាយករងក្រុមហ៊ុន ក៏បានលើកនូវសំណូមពរមួយចំនួន ដោយបានផ្តោតយ៉ាងសំខាន់ នៅព័ទ្ធជំវិញអាកាសយានដ្ឋាន ចម្ងាយ ២០គីឡូម៉ែត្រ ក្នុងការបង្កានូវហានីភ័យផ្សេងៗ ដោយសុំឲ្យបណ្តាមន្ទីរ អង្គភាពមានការពាក់ព័ន្ធ ផ្តល់នូវឯកសារ ដែលមាន ។  ក្នុងនោះផ្តោតសំខាន់លើលំនៅដ្ឋានខ្ពស់ៗ វត្តធ្វើលើភ្នំ កម្ពស់បង្គោលភ្លើង ព្រមទាំងសុំនូវគម្រោង ផែនការមេ លើកិច្ចអភិវឌ្ឍខេត្ត ក្នុងការធានាដល់សុវត្ថិភាពដល់ព្រលានយន្តហោះ ។  ក្នុងនោះដែរក្រុមហ៊ុន ក៏បាន ផ្តោតទៅលើប្រព័ន្ធស្រោចស្រព នៅប៉ែកខាងលើព្រលាន ចំពោះប្រឡាយទឹក អាងតំកល់ទឹក ព្រមទាំងទឹកជំនន់ និង ការផ្គត់ផ្គង់សេវាទំនាក់ទំនង និង ផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ឬយ៉ាងណា នៅពេលអាកាសយានដ្ឋានដំណើរការ ក្នុងមួយថ្ងៃប្រើប្រាស់ទឹកក្នុងមួយថ្ងៃ១ពាន់៨០០ម៉ែត្រគូប និង ទៅអនាគត ៤ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ឃឹម ប៊ុនសុង​ បានសាទរពីកិច្ចចាប់ដំណើរការ សាងសង់អាកាសយានដ្ឋានថ្មី ដ៏ធំ នៅលើទឹកដីខេត្តសៀមរាប ដែលជាគោលដៅនៃការអភិវឌ្ឍលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងនឹងគ្នានាពេលកន្លងមក។

លោកបានគូសបញ្ជាក់ផងដែរ ចំពោះក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ អង្គរ ដែល ចង់ទទួលបានពីព័ត៌មានផ្សេងៗ ដើមី្បក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យកិច្ចការសាងសង់នេះបានដំណើរការទៅ ដោយរលូន អាជ្ញាធរខេត្ត មានមន្ត្រីនៃមន្ទីរជំនាញមានការពាក់ព័ន្ធ ដែលជាសមាជិកគណកម្មការនេះស្រាប់ និង រង ចាំនូវរាល់សំណូមពររបស់ក្រុមហ៊ុនគ្រប់ពេលវេលាផងដែរ។

ជាពិសេស​ក្រុមហ៊ុន ត្រូវធ្វើកិច្ចសហការ ជាមួយក្រុមគណៈកម្មការរបស់ខេត្ត ហើយនៅក្រោយការបោះឆ្នោតនេះ ក្រុមការងារខេត្តនឹងចុះទៅដល់ការដ្ឋាន ហើយចំពោះរាល់លិខិតឯកសារ ដែលក្រុមហ៊ុនចង់បាននោះ គឺមាននៅគ្រប់សមសភាពនៃគណៈកម្មការដែលបាន ចុះទៅទីនោះស្រាប់។ លោកក៏បានធ្វើការគាំទ្រនូវរាល់សំណូមពរដែលក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ លើកឡើង និង សូមឲ្យកិច្ចដំណើរការសាងសង់អាកាសយានដ្ឋាននេះ ដំណើរការទៅប្រកប ដោយសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាលនៃប្រទេស ទាំងពីរបានចុះហត្ថលេខាព្រមព្រៀងនឹងគ្នា ក្នុងការបង្កើននូវអាកាសយានដ្ឋានមួយដ៏ធំនៅខេត្តសៀមរាប ស្ថិតនៅ ក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី ១ពាន់៧០០ហកចតា។ ក្នុងនោះផ្ទៃដីសម្រាប់ធ្វើការសាង សង់ព្រលានយន្តហោះ មាន ៧០០ហិកតា និង ផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេស ចំនួន១ពាន់ហិចតា ហើយមកដល់ ពេលនេះក្រុមហ៊ុន បានកំពុងធ្វើការរៀបចំ និង កសាងផែនការមេ ព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និង ធ្វើផ្លូវ ចូលទៅក្នុងការដ្ឋានទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post