រតនគិរីៈ ក្មេងស្រីអាយុ៩ឆ្នាំ បានលង់ទឹកស្លាប់ ក្រោយពីដើរលើឈើហើយក៏រអិលជើងដួលផ្កាប់មុខបោកក្បាលទៅនឹងឈើ រួចធ្លាក់ចូលទឹកអូរហូរខ្លាំង។
ហេតុការណ៍គួរឲ្យអាណោចអាធ័មនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរចាហាម ក្រោមវាលស្រែថុងសឿក ស្ថិតនៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សេង ស្រីណេ អាយុ៩ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី២។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ខណៈឪពុកម្ដាយមិននៅផ្ទះ ក្មេងស្រីរងគ្រោះរួមជាមួយក្មេងប្រុសស្រី២នាក់ ទី១ ឈ្មោះ ហេង គឹមហៃ ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាក្មួយ) ២ឈ្មោះ សេង ស្រីណុច អាយុ១១ឆ្នាំ (ត្រូវជាបងក្មេងរងគ្រោះ) បានលេងទឹកអូរ ដោយឈ្មោះ សេង ស្រីណុច និងឈ្មោះ ហេង គឹមហៃ ហែលទឹកឆ្លងទៅត្រើយម្ខាងមុន ចំណែកក្មេងស្រីរងគ្រោះដើរចុះអូរក៏រអិលជើងដួលផ្កាប់មុខបោកក្បាលនឹងគល់ឈើ ហើយធ្លាក់ចុះក្នុងទឹកអូរដែលកំពុងហូរយ៉ាងខ្លាំង ហើយក៏លង់ទឹកអណ្តែតទៅតាមទឹកតែម្តង។ ពេលនោះឈ្មោះ គឹម ហៃ បានរត់ទៅប្រាប់អ្នកផ្ទះក្បែរឲ្យមកជួយរក ហើយក៏បានរកឃើញសពនៅវេលាម៉ោង១៖៣០នាទីថ្ងៃដដែល ខាងក្រោមកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ។
បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយ ព្រមទាំងសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕