header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ដឹកម៉ូយទៅកាន់ខេត្តសៀមរាប ហើយក៏បាត់ខ្លួនបាត់ដំណឹងអស់រយៈពេល៤ថ្ងៃ ធ្វើឲ្យប្រពន្ធមានការព្រួយបារម្ភខ្លាំង ក៏ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍រកប្ដីរបស់ខ្លួន ប៉ុន្តែដោយសារតែសព្វថ្ងៃនេះ គាត់រស់នៅក្នុងសង្កាត់ចោមចៅ២ ទើបនគរបាលប៉ុស្ដិ៍រដ្ឋបាលចោមចៅ ៣ន ឲ្យទៅដាក់ពាក្យប្ដឹងនៅឯសង្កាត់ចោមចៅ២វិញ។

ស្ត្រីខាងលើបានប្រាប់ថា គាត់ឈ្មោះ ជ្រឹម ម៉ាលីម អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោចចក្រ មានស្រុកកំណើតនៅក្នុងភូមិក្ដីដូង ឃុំលេខ៥ ទីរួមខេត្តកំពង់ធំ។ ប្ដីរបស់គាត់ដែលបានបាត់ខ្លួននោះ ឈ្មោះ ឈឿម សែម អាយុ៣៥ឆ្នាំ មុខរត់រុឺម៉កម៉ូតូ មានស្រុកកំណើតនៅក្នុងភូមិរវាង ឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

ស្រ្តីរូបនេះបានបន្តថា គាត់ និងប្ដីបានរស់នៅជាមួយគ្នាដោយមិនបានរៀបការអស់រយៈពេលជិត២០ឆ្នាំកន្លងមកហើយ និងមានកូនប្រុសម្នាក់ឈ្មោះ ជ្រឹម សុខនី អាយុ១៧ឆ្នាំជាកម្មករសិប្បកម្មតុទូ នៅខេត្តកំពង់ធំ។ សព្វថ្ងៃពួកគាត់បាននាំគ្នាមកស្នាក់នៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរូបនេះបាននិយាយថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ មានបុរស២នាក់ បានជួលរុឺម៉កម៉ូតូប្ដីរបស់គាត់ជិះទៅកាន់ខេត្តសៀមរាបដោយឲ្យថ្លៃឈ្នួលទៅមកចំនួន២០០ដុល្លារ។ ខណៈនោះ នាងក៏បានឃាត់ប្ដីមិនឲ្យដឹកទៅទេ ព្រោះខ្លាចគេបោក ហើយនាងក៏បានព្រមានជនទាំង២នាក់នោះផងដែរថា បើហ៊ាននាំប្ដីនាងទៅ នាងនឹងប្ដឹងសមត្ថកិច្ចហើយ។ ប៉ុន្តែទីបំផុតប្ដីនាងនៅតែដឹកជនទាំង២នាក់នោះចេញពីការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ខេត្តសៀមរាបដដែល ហើយក៏បាត់ដំណឺងរហូតតែម្ដង។ ជាងនេះទៅទៀត ចាប់តាំងពីថ្ងៃដែលប្តីគាត់ចេញទៅ គឺទូរស័ព្ទខលចូល តែបែរជាអ្នកផ្សេងលើកទៅវិញ។ មិនតែប៉ុណ្ណោះ ពេលនាងសុំជួបប្ដីតាមទូរស័ព្ទ អ្នកដែលទទួលទូរស័ព្ទនោះមិនព្រមឲ្យជួបឡើយ រហូតមកដល់ថ្ងៃទី៣ ខែកក្កដា មានជនមិនស្គាល់មុខ បានខលមកគម្រាមឈប់ឲ្យនាងខលទៅកាន់លេខនឹងទៀត ទើបនាងមានការព្រួយបារម្ភ ក៏ទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post