header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន២នាក់ ម្នាក់ជាសិស្សវិទ្យាល័យទួលទំពួងថ្នាក់ទី១១B ចាញ់បាល់ទាត់រដូវកាល World CUP អស់លុយចាក់ បែកគំនិតជិះម៉ូតូឌុបគ្នា ឆក់ទូរស័ព្ទដៃពីបុរសបរទេសម្នាក់ ដែលកំពុងជិះលើឡាំប៉ាតា តែមិនបានសម្រេច ព្រោះ​អ្នកបើកឡាំប៉ាតា កាច់ចង្កូតទៅកៀរម៉ូតូជនសង្ស័យ បណ្ដាលឲ្យ​ដួល ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរត់មកជួយចាប់ឃាត់បានភ្លាមៗ រួចប្រគល់ឲ្យសត្ថកិច្ចវាយខ្នោះនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ លេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ភន វិសីសាន សិទ្ធ អាយុ១៧ឆ្នាំ មុខរបរជាសិស្សទួលទំពូង ថ្នាក់ទី១១B ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ ៣១BT សង្កាត់បឹងទំពន់ទី១ (ជាអ្នកធ្វើសកម្មភាព)។​ ​ទី២ ឈ្មោះ ជា តុង ហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរចាប់ហួយ ស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ(ជាអ្នកបើកម៉ូតូ)។ ចំណែកជនរងគ្រោះស្មោះ តាន់ ដាវិយ ភេទប្រុស អាយុ២៦ឆ្នាំ ​ជនជាតិចិន។

យោងតាមសម្ដីអ្នកបើកបរម៉ូតូ​ឡាំប៉ាតា បានឲ្យដឹងថា មុនពេលកើតហេតុ​ រូបគាត់កំពុងបើកឡាំប៉ាតា ដឹកបុរសជនជាតិចិន ដែលជាភ្ញៀវទៅសណ្ឋាគារ ដោយធ្វើដំណើរពីជើងទៅត្បូង​តាមផ្លូវ១៦៣ លុះមកចំណុចកើតហេតុ​កែងផ្លូវ៣៣០ ស្រាប់តែលេចមុខ​ក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ​ 1GX-8079 បានជិះមកអែបពីចំហៀង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសកំពុងនិយាយទូរស័ព្ទ ជិះលើឡាំប៉ាតារបស់គាត់ តែមិនបានសម្រេចទេ ឃើញដូច្នេះ​គាត់ក៏បានកាច់ចង្កួតឡាំប៉ាតា កៀរម៉ូតូជនសង្ស័យ បណ្ដាលឲ្យ​ដួល ហើយស្រែក​ចោរៗ ផ្អើល​បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នារត់មកជួយចាប់ជនសង្ស័យបានភ្លាមៗ រួចក៏ប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃរបស់ជនបរទេសនោះពិតប្រាកដមែន នេះជាលើកទី​១ហើយ ក្រោយពីរូបគេទៅចាក់បាល់ World CUP តាម Online ហើយចាញ់ច្រើនពេក ទើបរូបគេបបួលគ្នាខ្ចីម៉ូតូមិត្តភក្តិម្នាក់ទៀត ឆក់ទូរស័ព្ទ​​ ដើម្បីបានលុយស្រង់ដើមខ្លះ តែបែរជាមិនបានសម្រេច ​ហើយត្រូវប៉ូលិសឃាត់ខ្លួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង​២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចកសាងសុំណំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្ត​នីតិវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post