
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានធ្វើការព្រមានដកប្រទេសកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធ ដោយអះអាងថាវាគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្តារឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជាត្រូវបរាជ័យ។ យោងតាមលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក។
លោក ព្រាប កុល បានបកប្រែពីភាសាអង់គ្លេសនៃសេចក្តីប្រកាសព័ត៌មានរបស់សហភាពអ៊ឺរ៉ុបទថា៖ លោកស្រី Cecilia Malmström អ្នកដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុបសម្រាប់បេសកកម្មស្វែងរកការពិត ត្រូវបានដកស្រង់សម្តី នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី (បេសកកម្មរបស់សហភាពអឺរ៉ុប ដើម្បីវាយតម្លៃអំពីសិទ្ធិមនុស្សនិងស្ថានភាពការងារនៅកម្ពុជា)ថា៖ គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី ដែលហៅថាអ្វីទាំងអស់លើកលែងតែអាវុធ (EBA) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។
ប៉ុន្តែ ការវិវត្តន៍ថ្មីៗដ៏គួរឱ្យបារម្ភនៅកម្ពុជាបានធ្វើឱ្យមានការវាយតម្លៃកាន់តែល្អិតល្អន់ អំពីថាតើកម្ពុជាកំពុងបំពេញតាមការប្តេជ្ញាចិត្ត និងកិច្ចសន្យារបស់ខ្លួនឬយ៉ាងណា។ លោកស្រីមានប្រសាសន៍បន្តថា ការពិភាក្សា និងការប្រមូលព័ត៌មាននៅក្នុងអំឡុងដំណើរបេសកកម្មរបស់គណៈកម្មការសហភាពអឺរ៉ុប បានផ្តោតលើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្នែកនយោបាយ និងសិទ្ធិបោះឆ្នោត ក៏ដូចជាការរារាំងសកម្មភាពអង្គការសង្គមស៊ីវិល។
លោកស្រី Cecilia Malmström បានថ្លែងបន្ថែមទៀតថា៖ មានបញ្ហាចន្លោះប្រហោងចំពោះយន្តការដោះស្រាយវិវាទដីធ្លី និង ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិចរចាជាសមូហភាព។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានសង្កត់ធ្វន់ថា៖ នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម គឺជាផ្នែកដ៏សំខាន់មួយ ដែលក្នុងនោះរួមមាន ការគោរពសិទិ្ធមនុស្ស សេរីភាពជាមូលដ្ឋាន និងស្តង់ដារការងារ”។ បន្ទាប់ពីបេសកកម្មស្វែងរកការពិតនេះ សហភាពអឺរ៉ុបនឹងវិភាគការពិតយ៉ាងល្អិតល្អន់មួយ ហើយនឹងពិចារណាជំហានបន្ថែមទៀតចំពោះប្រទេសកម្ពុជា។

លោក ព្រាប កុល បានរំលឹកថាលោកធ្លាប់បានបង្ហើបប្រាប់ពីហានិភ័យនេះកាលខែឧសភា កន្លងទៅ ហើយបានទទូចឱ្យមានការកែលម្អស្ថានការណ៍ ប៉ុន្តែ នៅថ្ងៃសុក្រ ទី១៣ ខែកក្តដា នេះ វេលាម៉ោង ៩:៣០ យប់ លោកនឹងផ្សាយផ្ទាល់ Live នៅក្នុងហ្វេសប៊ុករបស់លោក ដើម្បីជជែកពី “ផលប៉ះពាល់ប្រសិនបើកម្ពុជាបាត់បង់ EBA"។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅប្រទេសកម្ពុជា។