
ខេត្តព្រះសីហនុ៖ បុរសជាកម្មករ រោងចក្រស្រាបៀរអង្គម្នាក់ ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានខ្យល់បក់ ធ្វើឲ្យរលំផ្លាកពុះដីឡូត៍លក់ ធ្លាក់ត្រូវក្បាលរងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៤ ម្តុំចំណោត អូរត្រាវក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ មិញ បូរ៉េត ភេទ ប្រុស អាយុ ៥៦ឆ្នាំ មុខរបរកម្មករ រោងចក្រស្រាបៀរអង្គរ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ស្លាកលេខ ព្រះសីហនុ1-8387 គាត់ បានចេញដំណើរពីរោងចក្រស្រាបៀរអង្គរ ឆ្ពោះទៅផ្ទះ នៅភូមិពូធឿង លុះដល់ចំណុចខាងលើ បានប៉ះនឹងផ្លាកពុះដីលក់ ដែលរលំបាក់ធ្លាក់មកលើផ្លូវ បណ្ដាលឲ្យត្រូវ និងរងរបួសធ្ងន់។



បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ បានហៅរថយន្តសង្គ្រោះបញ្ជូនអ្នករងគ្រោះទៅសង្គ្រោះ នៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្រោយមកស្ថានភាពអ្នករបួសធ្ងន់ធ្ងរពេក បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង ១២:៣០នាទី៕