
កំពង់ចាមៈ នារដូវទឹកទន្លេមេគង្គ បានហក់ឡើងយ៉ាងគំហុកជាបណ្តើរៗ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ចាម រួមមាន ៖ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ តែងតែមានការប្រុងប្រយ័ត្នខ្ពស់ និងបានត្រៀមលក្ខណៈជាស្រេច នូវស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ការរស់នៅ នាពេលទឹកទន្លេមេគង្គបានចាប់ផ្តើមហក់ឡើងជារៀងរាល់ថ្ងៃ ក្រៅពីស្បៀងអាហាររបស់មនុស្ស ក៏បានត្រៀមចំបើងស្មៅគោក្របី និងទីជម្រកសត្វពាហនៈជាដើម ហើយក៏បានត្រៀមទូកជាមធ្យោបាយសម្រាប់ការធ្វើដំណើរផងដែរ។


បើតាមរបាយការណ៍ពីលោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គហក់ឡើងក្នុងមួយយប់ជិត១ម៉ែត្រ ធ្វើអោយកម្ពស់ទឹកក្នុងខេត្តកំពង់ចាមកើនឡើងកម្ពស់១០.១៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញឡើង០.៧៦ម៉ែត្រ គឺខ្ពស់ជាងឆ្នាំមុនផងដែរ ៕




