header ads

Sponsor

រិទ្ធី

នៅថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានី និង អភិបាលនៃគណៈអភិបាលខេត្តទាំងពីរ។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូន។

យោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហការជាមួយធនាគារពិភពលោក (World Bank) គ្រោងចំណាយថវិកាប្រមាណ ១១០លានដុល្លារអាមេរិក ដើម្បីជួសជុល និងពង្រីកតួផ្លូវ ចិញ្ចើមផ្លូវ ដោយធ្វើការពង្រីកពី ៧ម៉ែត្រ ទៅ ១១ម៉ែត្រ លើផ្លូវជាតិលេខ៤ នេះ ដើម្បីបង្ការនិងទប់ស្កាត់ផលប៉ះពាល់ដោយសារទឹកជំនន់ជាបន្ទាប់ទៀត។

ដោយឡែក ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាប់ផ្តើមជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាបនេះថយចុះទៅវិញ ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ជាប្រក្រតី។

ម្យ៉ាងវិញទៀត ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន សូមមេត្តាកុំដឹកលើសទម្ងន់ ដែលបង្ក   ឱ្យមានការខូចខាតផ្លូវ ស្ពាន ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា និងនាំប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថាប្រទេសកម្ពុជាកំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ បាន បង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ និងមានទឹកជំនន់ទឹកភ្លៀងជន់លិច នៅតាមបណ្តាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្តមួយចំនួនទៀតក៏ទទួលរងការខូចខាតស្រទាប់ផ្លូវផ្នែកផ្ទៃខាងលើផងដែរ ដូចជា៖ កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេជាដើម ដែលបង្កឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post