ភ្នំពេញៈ តូចចិត្តប្រពន្ធលែងទៅយកប្ដីថ្មី ដឹកដៃកូនស្រីអាយុ៧ឆ្នាំ ប្រាប់ថាទៅហាត់ប្រាណ តែបែរជាទៅដល់លើស្ពានជ្រោយចង្វារ ឱបកូនស្រីលោតទឹកសម្លាប់ខ្លួន តែសំណាងកូនស្រីរួចផុតជីវិត ក្រោយពីទូនេសាទជនជាតិខ្មែរអ៊ីស្លាមជួយស្រង់ទាន់ ខណៈដែលឪពុកលិចបាត់ រកសាកសពមិនទាន់ឃើញ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមអ៊ុំប្រុសក្មេងរងគ្រោះឈ្មោះ ហង់ រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ធ្វើការរោងចក្រ បានប្រាប់សមត្ថកិច្ចថា ក្មេងស្រីរងគ្រោះ ឈ្មោះ ហង្ស លីហ្សា អាយុ៧ឆ្នាំ រៀននៅសាលាទួលសង្កែ ថ្នាក់ទី១ខ មានម្ដាយឈ្មោះ ហង្ស ចាន់ថន អាយុ២៩ឆ្នាំ ធ្វើការរោងចក្រ ម្ដុំផ្សារសេនជូរី ពោជិនតុង។ ចំណែកឪពុកក្មេងរងគ្រោះ ដែលលោតទឹក ហើយរកសពមិនទាន់ឃើញនោះ ឈ្មោះ ទៀង អាយុ៣០ឆ្នាំ ក្រោយពីលែងលះប្រពន្ធរយៈពេលជាង២ឆ្នាំ មករស់នៅជាមួយម្ដាយក្រោយផ្សារធំទួលសង្កែ ហៅផ្សារ “សាំហាន់” សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ គ្មានមុខរបរ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ បានដឹកដៃក្មេងស្រីម្នាក់ដើរឡើងលើស្ពានហើយបានលោតចុះទៅក្នុងទឹក ប៉ុន្ដែក្មេងស្រីរងគ្រោះ ត្រូវបានទូកនេសាទរបស់ខ្មែរអ៊ីស្លាមឃើញជួយស្រង់ទាន់ ចំណែកឪពុកបានលិចបាត់ស្រមោល ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុក៏បាននាំក្មេងស្រី ដែលជាកូនយកប៉ុស្ដិ៍ដើម្បីសាកសួរ។
កូនស្រីរងគ្រោះ ប្រាប់សមត្ថកិច្ចថា នៅម៉ោងកើតហេតុ ឪពុករបស់នាង បានដឹកដៃដើរមកស្ពាន ដើម្បីហាត់ប្រាណ ប៉ុន្ដែពេលមកដល់លើស្ពានឪពុកនាងបានទាក់ដៃលោតចូលទៅក្នុងទឹកតែម្ដង ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួច ក៏មានអ៊ុំក្មេងស្រីឈ្មោះ ហង្ស រតនា មកសុំយកទៅត្រឡប់ទៅផ្ទះវិញ៕
