
ក្នុងរយៈពេល៥ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួនបីករណី នៅខេត្ត២ផ្សេងគ្នា គឺនៅខេត្តកណ្តាល ១ករណីនិង នៅខេត្តរតនគិរី ២ករណី។ ប៉ុន្តែ គ.ជ.ប បានអះអាងថាបណ្តឹង២ នៅក្នុងខេត្តរតនគិរី ត្រូវបានដោះស្រាយរួចរាល់អស់ហើយ។
បណ្តឹងទាំងពីរដែលបានដោះស្រាយរួចរាល់នោះគឺ៖ ទី១ ចៅសង្កាត់ឡាបានសៀក បានដាក់ពាក្យប្តឹងប្រធានក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំខេត្តរតនគិរី ដែលបានចាក់ផ្សព្វផ្សាយគោលនយោបាយ លើទីតាំងអតីតព្រលានយន្តហោះដោយគ្មានការអនុញ្ញាត
និងបណ្តឹងទី២ ចៅសង្កាត់រងទី១ សង្កាត់បឹងកន្សែង បានប្តឹងប្រធានក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដដែល ដោយសារតែបានចាក់ផ្សាយរូបភាពលើផ្លូវសាធារណៈ ដោយមិនសុំការអនុញ្ញាត។ នេះបើយោងតាមឯកឧត្តម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាច់ការការ។ ដោយឆ្លើយតបទៅនឹងលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ដោយខ្វះមូលដ្ឋានច្បាស់លាស់៖ ចៅសង្កាត់ឡាបានសៀក និងចៅសង្កាត់បឹងកន្សែង បានដាក់ពាក្យប្តឹងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខេត្តរតនគិរី ដោយសំអាងលើមាត្រា៧៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលខ្លឹមសារនៃមាត្រានេះគឺខុសគ្នាទៅនឹងសកម្មភាពជាក់ស្តែងរបស់គណបក្ស។
គណបក្សបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានអះអាងថា ពុំបានជួលទីកន្លែងឯកជនរបស់រដ្ឋ ដូចក្នុងខ្លឹមសារនៃមាត្រា៧៩ឡើយ ហើយគណបក្សបានជូនដំណឹងទៅគធ.ខបខេត្តរតនគិរី ជាមុនរួចហើយ មិនចាំបាច់សុំការអនុញ្ញាតពីលោកចៅសង្កាត់ទាំង២នោះឡើយ។ ផ្ទុយទៅវិញ ចៅសង្កាត់ទាំង២ រួមទាំងគឃ.សប បានសហការគ្នាយ៉ាងគឃ្លើនចោទថាគណបក្សប្រព្រឹត្តខុសទៅវិញ។
ផ្ទុយទៅវិញ ឆ្លើយតបនឹងសកម្មភាពសហការគ្នារបស់ចៅសង្កាត់ទាំង២ និងគឃ.សប គណបក្សបានដាក់ពាក្យប្តឹងចៅសង្កាត់ទាំង២ត្រឡប់វិញ ហើយប្តឹងគឃ.សប ទៅគធ.ខប ខេត្តរតនគិរី ប៉ុន្តែមន្ត្រីគធ.ខប មិនព្រមទទួលបណ្តឹងយើងដោយគ្មានមូលហេតុ ហើយក៏មិនព្រមសរសេរបដិសេធលើបណ្តឹងយើងទៀតផង តែបែរជាប្រាប់តំណាងគណបក្សឱ្យដាក់បណ្តឹងនៅគឃ.សបទៅវិញ។

តំណាងគណបក្សបានយកបណ្តឹងទៅដាក់នៅគឃ.សបនៃសង្កាត់ទាំង២រួចហើយ ដោយប្តឹងឱ្យផាកពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល ដោយផ្អែកលើមាត្រា១៤២ នៃច្បាប់បោះឆ្នោត ចំពោះចៅសង្កាត់ទាំង២ និងមន្ត្រីគឃ.សប ដែលរារាំងសកម្មភាពឃោសនាដោយស្របច្បាប់របស់គណបក្ស។
លើសពីនេះទៅទៀត គណបក្ស LDP ជម្រាបសាធារណជនឱ្យបានជ្រាបថាករណីខាងលើនេះបានឆ្លុះបញ្ចាំងដូចខាងក្រោម៖
១) អ្នកនាំពាក្យគ.ជ.ប លើកយកតែបណ្តឹងរបស់ចៅសង្កាត់ទាំង២មកផ្សព្វផ្សាយ ដោយលាក់ទុកបណ្តឹងរបស់គណបក្សដែលជាការធ្វើការខ្វះមូលដ្ឋានច្បាស់លាស់ ឬអាចជាចេតនាបង្កាច់បង្ខូចឈ្មោះរបស់គណបក្ស។
២) មន្ត្រីគធ.ខបខេត្តរតនគិរីមិនធ្វើការទៅតាមភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទាក់ទងទៅនឹងការទទួលពាក្យបណ្តឹង។
៣) មន្ត្រីគឃ.សប សង្កាត់ទាំង២ខាងលើធ្វើការដោយខ្វះការយល់ដឹងអំពីច្បាប់ និងបទបញ្ជានិងនីតិវិធីបោះឆ្នោត។
៤) អាជ្ញាធរសង្កាត់ទាំង២ខាងលើមិនស្គាល់តួនាទីរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងខ្វះការយល់ដឹងអំពីច្បាប់ និងបទបញ្ជានិងនីតិវិធីបោះឆ្នោត។
សូមបញ្ជាក់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរនៅលេខរៀងទី១០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។