header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ចាងហ្វាងកាសែត "ដំណឹងកម្ពុជា" គឺលោក ឆោម ស៊ីថា ដែលត្រូវនគរបាលស្រុកស្វាយលើចាប់ខ្លួន ករណីផ្ទុះអាវុធ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ក្រោមបទចោទប្រកាន់ចំនួនពីរ។

លោក យិន ស្រាង អ្នកនាំពាក្យរបស់សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងតាមទូរសព្ទ័ថា អ្នកកាសែតឈ្មោះ ឆោម ស៊ីថា ភេទប្រុស ដែលត្រូវសមត្ថកិច្ចស្រុកស្វាយលើ ចាប់ឃាត់ខ្លួននោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក អ៊ំ ចាន់ថុល បានចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ដោយចោទប្រកាន់ចំនួនពីរបទល្មើស។ លោកបន្តថា បទល្មើសទី១ ប្រើប្រាស់អាវុធខុសច្បាប់ និងទី២គំរាមកំហែង ដោយមានបញ្ជារឲ្យបំពេញលក្ខណះអ្វីមួយ តាមមាត្រា៤៩០ និងមាត្រា២៣២នៃក្រមមព្រហ្មទណ្ឌ។

សូមរំឭកថា លោក ឆោម ស៊ីថា ចាងហ្វាងកាសែត ដំណឹងកម្ពុជា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តស្រុកស្វាយលើ ខេត្តសៀមរាប។

តាមរបាយការណ៍នគរបាលស្រុកស្វាយលើ បានបង្ហាញថា ជនរងគ្រោះក្នុងហេតុការណ៍មានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ ប្រណាក ស្រុកព្រះវិហារ ខេត្តព្រះវិហារ។ ចំណែកជនសង្សយ័ឈ្មោះ ឆោម ស៊ីថា ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  មុនចាប់ខ្លួនស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែកក្កដា ២០១៨ ជនរងគ្រោះបានបើកឡានដឹកអី​វ៉ាន់ពីខេត្តព្រះវិហារមកខេត្តសៀមរាប។ លុះដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល ក្រោយដាក់អី​វ៉ាន់រួចក៏ត្រឡប់មកខេត្តព្រះវិហារវិញ ដោយមានម៉ូយជិះជាមួយគ្នាពីរនាក់ លុះពេលបើកដល់ខាងជើងផ្សារស្វាយលើថ្មី ស្រាប់តែជនសង្សយ័ខាងលើ បានបើកឡានម៉ាកកាមរី សេរីឆ្នាំ2007 (ហាយហ្វ្រីត) ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 2AM-1240 តាមពីក្រោយឡានជនរងគ្រោះ ពេលបើកដល់ចំណុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើសឡានជនសង្ស័យបានឡើងវ៉ា រួចចុចកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម។ ពេលនោះ​ជនរងគ្រោះមិនឈប់ ហើយបន្ថែមល្បឿន ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះ​ចំនួនមួយគ្រាប់ ទើប​ជនរងគ្រោះបានបើកឡានបន្តមិនហ៊ានឈប់ ហើយជនសង្សយ័ ក៏នៅតែបើកតាមបន្តទៀត លុះបើកដល់ចំណុចការដ្ឋានកិនថ្មក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើស ភូមិអង្កាញ់ឃុំស្វាយលើ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់ឡានពាំងពីមុខឡានជនរងគ្រោះ បើកទ្វារឡានចុះមកហើយមានកាន់កាំភ្លើងខ្លី ទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកកាសែត។ ឃើញដូចនេះជនរងគ្រោះបានបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះ ជនសង្ស័យបានស្រែកឲ្យឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្ស័យបានបាញ់គំរាមមួយគ្រាប់ទៀត។ ក្រោយពេលសម្ថកិច្ចបានទៅ ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងមានការរាយការណ៍ពីជនរងគ្រោះ រួមនិងព្រះរាជអាជ្ញាខេត្តព្រះវិហារ និងបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផង សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ខាងលើ(លោកចាងហ្វាង)តែម្តង។

ទោះជាយ៉ាងនេះក្តី នៅក្នុងបទសម្ភាសន៍មុនពេលបញ្ជូនទៅតុលាការ លោក​ ឆោម ស៊ីថា បញ្ជាក់ថា រូបលោកមិនដែលមានកាំភ្លើងប្រើនោះទេ ហើយស្ទើរតែមិនដែលស្គាល់កាំភ្លើងច្បាស់ផង។ ព្រោះរូបលោកមិនធ្លាប់ធ្វើជាកងកម្លាំងអ្វីសោះ ចេញពីបួសជាព្រះសង្ឃ គឺធ្វើជាអ្នកកាសែតរហូត។ ចឹងទេ បើរឿងប្រើប្រាស់កាំភ្លើង ពិតជាមិនមានឡើយ។ លោកបានបន្តថា នៅថ្ងៃកើតហេតុ រូបលោកដេកក្នុងស្នាក់ការរហូតម៉ោង៦ល្ងាច ទើបប្អូនហៅផឹក។ លុះចប់ពីផឹកអំឡុងម៉ោង៨យប់ ក៏បើកឡានមកស្នាក់ការវិញ តែត្រូវសមត្ថកិច្ចស្ទាក់ឆែកឡានសួររកកាំភ្លើងតែម្តង។ ភ្លាមៗលោកអនុញាតឲ្យឆែក លុះឆែកមិនឃើញមានកាំភ្លើងហើយ សមត្ថកិច្ចបែរជាដាក់ខ្នោះដៃរូបលោកទៀត។ តាមពិតរូបលោកមិនបានដឹងរឿងថា មានអ្នកណាដឹកអីវ៉ាន់ពីណាទៅណា ហើយមានការប្រដេញឡានគ្នា ដូចសមត្ថកិច្ចថានោះទេ។ នេះជាការចោទប្រកាន់រូបលោកខុសតែម្តង។ យ៉ាងណាលោកបានសុំឲ្យតុលាការ បើកការស៊ើបអង្កេតដោយជាក់លាក់ មុនពេលផ្តន្ទាទោសរូបលោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post