កណ្ដាលៈ បុរសម្នាក់ បើករថយន្ត Toyota Prius ក្នុងស្ថានភាពស្រវឹង អាងតែផ្លូវស្ងាត់ បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុករថយន្ត Land Criuser កំពុងបត់ឆ្លងផ្លូវ ពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់។
គ្រោះថ្នាក់ចរាចរណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្ទះសំណាក់ "ភ្នំមាស" តាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Land Criuser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-5148 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-2741 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត ក្នុងទិសដៅពីត្បូងមកជើងវិញ បានទៅបុកជាមួយរថយន្ត Land Cruiser ចំទ្វារមុខខាងស្ដាំពេញទំហឹង លាន់លឺដូចរន្ទះតែម្ដង បណ្តាលរថយន្តទាំងពីរគ្រឿងនោះ បានរងការខូចខាតខ្ទេចយ៉ាងដំណំ និងបណ្ដាលឲ្យអ្នកបើកបរឈ្មោះ កែវ រិទ្ធី អាយុប្រហែល ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសធ្ងន់ បាក់ជើងខាងស្តាំ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បាក់ខាងស្តាំ ដូចគ្នា និងម្នាក់ទៀតរបួសស្រាល ត្រូវបានប្រជាពលរដ្ឋនាំគ្នាចេញមកចោមរោមជួយសង្គ្រោះបឋមសិន និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ រួចយករថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មកជួយដឹកយកអ្នករបួសធ្ងន់ស្រាល៣នាក់នោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមៈ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បន្តថា អ្នករបួស២នាក់ទៀតជិះរថយន្ត Land Cruiser មានអ្នកបើកបររងរបួសស្រាល ឈ្មោះ សោម ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ ភេទប្រុស មិនទាន់ស្គាល់ឈ្មោះ រងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសដោយខ្លួនឯង។
អធិការរងនគរបាលក្រុងតាខ្មៅ ទទួលបន្ទុកចរាចរណ៍ បានបញ្ជាក់ប្រាប់ភ្នាក់ងារ CAM POST ដឹងថា មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់នោះ គឺមកពីអ្នកបើកបររថយន្តម៉ាក Land Criuser បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តម៉ាក Toyota Prius បើកក្នុងល្បឿនលឿន និងបើកបរក្នុងស្ថានភាពមានជាតិស្រវឹង។
បច្ចុប្បន្នក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលជំនាញចុះធ្វើការវាស់វែង និងស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ចែងដោះស្រាយតាមនីតិវិធី៕