
ក្រចេះ៖ ករណីពុលស្រាស នៅស្រុកស្នួល ខេត្តក្រចេះ បានសម្លាប់មនុស្ស៣នាក់ និងមនុស្សប្រមាណជិត៦០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុការណ៍នេះ ក្រសួងសុខាភិបាល បានអំពាវនាវមិនឲ្យប្រជាពលរដ្ឋទិញស្រាស ដែលគ្មានប្រភពច្បាស់លាស់ និងត្រូវបរិភោគក្នុងកម្រិតទាបបំផុត ព្រមទាំងបានបិទទីតាំងផលិតស្រាសមួយកន្លែង នៅស្រុកសំបូរផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈាង សុវុត្ថា ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃអាទិត្យនេះថា តាមការស្រាវជ្រាវបឋមលើករណីប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ និងស្លាប់ជាបន្តបន្ទាប់ នៅស្រុកស្នួល ខេត្តក្រចេះ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ត្រឹមម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចំនួនអ្នកស្លាប់បានកើនដល់៣នាក់ហើយ ក្នុងនោះ មានស្រី២នាក់ បុរសម្នាក់ ខណៈប្រជាពលរដ្ឋត្រូវបានបញ្ជូនទៅសង្គ្រោះសរុប៥៩នាក់ ស្រីមានចំនួន១៧នាក់។


លោកថា អ្នកជំងឺទាំងអស់ មានរោគសញ្ញាស្រដៀងៗគ្នា ដោយអាការៈអស់កម្លាំង ណែនទ្រូង ឈឺក្បាល ព្រឹលភ្នែក និងវិលមុខ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់នេះ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន៦នាក់ ស្រីម្នាក់។
អ្នកស្លាប់រួមមាន ទី១ឈ្មោះ ប្រិច ស៊ីណា ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្ត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ, ទី២ឈ្មោះ ហុន ស្រីឡៃ ភេទស្រី អាយុ៣២ឆ្នាំ ស្លាប់នៅផ្ទះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរសៀល និងទី៣ឈ្មោះ ហោ ហុន ភេទប្រុស អាយុ៥៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្ត ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣០នាទីព្រឹក។
ករណីពុលស្រាសនេះ កើតឡើងបន្ទាប់ពីមានការជួបជុំពិសាអាហាររួមគ្នា នៅក្នុងភូមិវៀងមានជ័យ ចំណុច២០១០ ជាភូមិឧបសម្ព័ន្ធរបស់ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគ្នាចំនួន១៦នាក់ ស្រី៥នាក់ បណ្ដាលឲ្យពុល និងឈឺសរុប១២នាក់ ប៉ុន្តែក្រោយមកក៏បានស្លាប់២នាក់ និងបុរសម្នាក់ទៀត ស្លាប់នៅព្រឹកថ្ងៃទី១៤ ខែកក្កដា។


ក្រោយមក ក៏កើតមានករណីពុលជាថ្មី បន្ទាប់ពីប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យសពអ្នកពុលស្រាខាងលើ ឈ្មោះ ប្រិច ស៊ីណាត ស្ថិតនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចំនួន៧៥នាក់ ស្រី២៨នាក់ បណ្ដាលឲ្យពុល និងឈឺសរុប៤៨នាក់ផ្សេងទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នកស្លាប់នោះទេ។ នេះបើតាមលោកប្រធានមន្ទីរសុខាភិបាល។
លោក ឈាង សុវុត្ថា បញ្ជាក់ថា តាមការសន្និដ្ឋានបឋមថា អ្នកឈឺ និងអ្នកស្លាប់ ក្នុងហេតុការណ៍ទាំង២លើកនេះ បណ្ដាលមកពីករណីពុលសារធាតុមេតាណុល នៅក្នុងស្រាស ដែលពួកគេបានបរិភោគ។ ដោយឡែក អ្នកចូលរួមក្នុងកម្មវិធីខាងលើ ប៉ុន្តែមិនពិសាស្រានោះ មិនបានពុលនោះទេ។ ក្រុមការងារនៅបន្តធ្វើការអប់រំផ្សព្វផ្សាយ និងអង្កេតស្រាវជ្រាវបន្ថែមទៀតផងដែរ។


សូមជម្រាបថា បន្ទាប់ពីកើតហេតុករណីពុលស្រាខាងលើ កម្លាំងជំនាញខេត្តក្រចេះ និងកម្លាំងស្រុកស្នួក ដឹកនាំដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបិទទីតាំងផលិតស្រាសមួយកន្លែងរបស់ឈ្មោះ ស្រស់ ធា ភេទប្រុស អាយុ៤៩ឆ្នាំ ជាបណ្ដោះអាសន្ន នៅចំណុចភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ កាលវេលាម៉ោង៤៖១៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ និងបានធ្វើការដកហូតស្រាសចំនួន១០កាន ដោយក្នុង១កាន មានចំណុះ៣០លីត្រ និងស្រាលាយថ្នាំសម្រាប់លក់ប្រចាំថ្ងៃ ចំនួនកន្លះធុងទឹកសុទ្ធ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងការទិញស្រាសមកពិសា ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងសូមមេត្តាពិសាក្នុងកម្រិតទាបបំផុត។ យោងតាមទិន្នន័យការពុលស្រាកន្លងទៅ ស្រានៅតែជាបញ្ហាប៉ះពាល់ដល់សុខភាព និងអាយុជីវិត។




គួរបញ្ជាក់ថា នេះជាករណីពុលថ្មីមួយទៀតហើយសម្រាប់ខេត្តក្រចេះ។ ដោយកាលពីដើមខែឧសភាកន្លងទៅ មានករណីពុលពលរដ្ឋនៅក្នុងភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានសម្លាប់ប្រជាពលរដ្ឋចំនួន១៣នាក់ និងជាង២០០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកភូមិជាច្រើន មានរោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើមជាដើម៕

