
ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកកាទែម៉ាស៊ីន និងបែកកង់ម្ខាង ទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវណតប្រ៊ីតត្រង់ចំណុចមុខសាលារៀនអន្តជាតិអារិកាំងប្រ៊ីជ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-4951រងការខូចខាតបែកកាទែម៉ាស៊ីន និងបែកកង់មុខផ្នែកខាងឆ្វេង បើកបរដោយបុរសជនជាតិចិនម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។


អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសជនចិនម្នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបែកកាទែម៉ាស៊ីន និងបែកកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួចភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្តបង្កនិងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕





