header ads

Sponsor

ពិសី

ភ្នំពេញៈ សង្ស័យអាងយប់ស្ងាត់ គ្មានអ្នកធ្វើចរាចរណ៍ ទើបរថយន្ត Vigo មួយគ្រឿង របស់យោធាការពារព្រំដែន បានបើកបោះពួយយ៉ាងលឿនដូចហោះ ទៅព្រលះរថយន្តកាមរីបាឡែនមួយគ្រឿងទៀត យ៉ាងពេញទំហឹង ខណៈពេលកំពុងបត់ត្រឡប់ក្រោយ។ ក្រោយកើតហេតុ ភាគីរថយន្តបាឡែន សុខចិត្តសម្របសម្រួលដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ប៉ុន្តែបែរខាងកងយោធាមិនសុខចិត្ត ដោយឆ្លើយថា ខ្លួនឯងជាអ្នកត្រូវ ទើបសមត្ថកិច្ចអូសរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង។

គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះនេះ បានកើតឡើងវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃច័ន្ទ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្រសួងកិច្ចការនារី តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7412 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបត់ឆ្វេងបម្រុងត្រឡប់ក្រោយវិញ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Hilux Vigo ពណ៌ត្រេអ៊ី របស់មន្ត្រីយោធាការពារព្រំដែន ពាក់ស្លាកលេខ ខមរភូមិន្ទ02 2-6274 ដែលជិះគ្នាពីរទៅបីនាក់ បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តកាមរីបាឡែន រងការខូចខាតធ្លាក់កាងខាងមុខ និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ចំណែកឯរថយន្ត វីហ្គោ បានរងការខូចខាតក្រពឹតកាងខាងមុខចំហៀងខាងស្តាំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបាឡែន បានសម្របសម្រួលជាមួយភាគីខាងរថយន្តរបស់មន្ត្រីព្រំដែន ដោយយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿង តែភាគីខាងរថយន្តមន្ត្រីយោធាមិនព្រម ព្រោះដោយគិតថា ខ្លួនជាអ្នកត្រូវ ទើបធ្វើឲ្យការចរចាសម្របសម្រួលមិនត្រូវគ្នា។ ចុងបញ្ចប់ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post