ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Range Rover មួយគ្រឿង បើកបរដោយជនជាតិចិន ធ្វើដំណើរក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្ត Highlander កំពុងឈប់ចាំស្តុបពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រង់ការខូចខាតយ៉ាងដំណំផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងនៅវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3022 តាមដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុរថយន្តបានបន្ថយល្បឿន និងឈប់រង់ចាំស្តុប ស្រាប់តែមានរថយន្ត Range Rover មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរដោយជនជាតិចិន ធ្វើដំណើរក្នុងល្បឿនលឿនស្របទិសគ្នា ទៅបុកគូទរថយន្ត Highlander ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រង់ការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ប្រភពបន្ថែមទៀតថា ភ្លាមនោះគេឃើញបុរសជនជាតិចិនបានចុះមកនិយាយភាសាចិន រួចបានហៅអ្នកបកប្រែមកជួយនិយាយទើប ឲ្យទាក់ទងខាងក្រុមហ៊ុនធានារ៉ាប់រង ឲ្យមកចេញសំណងលើការខូចខាតនោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ និងរង់ចាំក្រុមហ៊ុនធានារ៉ាប់រងរបស់រថយន្ត Range Rover ចុះមកដោះស្រាយសងថ្លៃខូចខាតរថយន្ត Highlander រងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕