ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវនារីជនជាតិចិនអះអាងថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ ប៉ុន្តែគាត់បានបើករថយន្តដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះគេ បណ្តាលឲ្យរងរបួសធ្ងន់ (ក្អួតឈាម) សង្ស័យមិនរស់ផង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមក្មេងប្រុសម្នាក់ជាអ្នកនិយាយភាសាចិន និងបានជួយបកប្រែភាសាចិនពីស្រ្តីជនជាតិចិនទាំង២នាក់នោះរួច រៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គឺជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ពីក្នុងរថយន្ត ខណៈ កំពុងឈប់រថយន្តអែបចិញ្ចើមផ្លូវលេខ៤៦០ ពេលភ្លាមនោះគាត់ក៏បានបើករថយន្តដេញតាមដែរ តែតាមមិនទាន់ ។ ខណៈដែលទូរស័ព្ទដៃគាត់បានភ្ជាប់ប្រព័ន្ធ GPS ផងនោះ គាត់ក៏ឆែកមើលឃើញ ហើយក៏បើករថយន្តរកមើលតាមសញ្ញា Locations និងប្រព័ន្ធ GPS ដែលលោតបង្ហាញតាមផ្លូវរហូតមកដល់ចំណុចកើតហេតុផ្លូវ៤៥៤ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នោះ កំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-7241 រត់គេចហើយ ក៏បើករថយន្តបំបុកផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះគេពេញទំហឹង បណ្តាលឲ្យជនជាប់សង្ស័យទាំង២នាក់ រងរបួសធ្ងន់ ដោយម្នាក់នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួនទៀតផង និងម្នាក់ទៀតសន្លប់ស្ដូកផ្កាប់មុខនៅហ្នឹងកន្លែងតែម្ដង ហើយក៏ឃើញទូរស័ព្ទរបស់គាត់នៅក្បែរជនសង្ស័យនោះដែរ ទើបគាត់រើសយកមកវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរមកចោមរោមមើលតែម្ដង។
ក្រោយមកជនជាប់សង្ស័យទាំង២នាក់នោះ ត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាផងដែរ។
សូមបញ្ជាក់ថា ករណីនេះភ្នាក់ងារសារព័ត៌មាន CAM POST នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ថាជាករណីចោរឆក់ ឬក៏យ៉ាងណា ខណៈសមត្ថកិច្ចមូលដ្ឋានក៏មិនទាន់អាចសន្និដ្ឋានប្រាប់ភ្នាក់ងារយើងបានដែរ ដោយសុំរង់ចាំធ្វើការស្រាវជ្រាវបន្តទៀត ខណៈដែលស្រ្តីជាជនជាតិចិនទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរសិន តែស្ថិតក្នុងអាការៈភិតភ័យពេកឲ្យក៏ទៅផ្ទះសម្រាកសិន។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាអះអាងថា ករណីនេះដូចជាមិនទំនងសោះ ហើយបានស្នើសុំតាមរយៈភ្នាក់ងារ CAM POST និងគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ ឲ្យសមត្ថកិច្ច មេត្តាបើកការស្រាវជ្រាវឲ្យបានលម្អិតផង បើអាចសុំឲ្យសមត្ថកិច្ចធ្វើសន្និសីទសារព័ត៌មានបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ផង ម៉្យាងទៀតថ្វីបើជនជាតិចិននោះជាអ្នករងគ្រោះក៏ដោយ តែក្នុងនាមជាជនបរទេស ពួកគេត្រូវមានប័ណ្ណសំគាល់ ឬលិខិតស្នាមអ្វី ដែលច្បាប់អនុញ្ញាតឲ្យអាចបើករថយន្តដោយសេរីបែបនេះ៕