header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្លាកលេខរថយន្តរបស់លោកមេប៉ុស្តិ៍បឹងព្រលឹត ដែលបានបាត់រាប់ខែមកហើយនោះ ស្រាប់តែប្រទះឃើញបំពាក់ជាប់រថយន្តទំនើបមួយគ្រឿង នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម៉ោងប្រមាណ១០យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្លាកលេខរថយន្តរបស់លោកមេប៉ុស្ដិ៍បឹងព្រលឹត ដែលបានបាត់រាប់ខែនោះ គឺស្លាកលេខ ភ្នំពេញ 2AS-3231 ជាស្លាកលេខសម្គាល់រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ស្រាប់តែឃើញត្រូវគេយកទៅបំពាក់ឲ្យរថយន្តម៉ាក Audi ស៊េរីទំនើប Q7 ពណ៌ស ទៅវិញ។

នាយប៉ុស្តិ៍នគរបាលបឹងព្រលឹត បានឲ្យដឹងថា កាលប៉ុន្មានខែមុននេះ រថយន្តរបស់គាត់បានបាត់ស្លាកលេខ (ភ្នំពេញ 2AS-3231)នេះ ដោយជនសង្ស័យលួចគាស់យកទៅបាត់ទាំងមុខទាំងក្រោយ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសាលាសង្កាត់បឹងព្រលឹត។ បន្ទាប់មក គាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋជួយស៊ើបសង្កេតរកស្លាកលេខខាងលើ និងមានប្រកាសជូនរង្វាន់ផងដែរ ប៉ុន្តែរាប់ខែមកហើយ រកពុំឃើញសោះ។

បើតាមនាយប៉ុស្ដិ៍ដដែល លុះដល់យប់ថ្ងៃកើតហេតុ គាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង តែខណៈពេលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃើញរថយន្តទំនើបម៉ាក Audi Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ ដែលបាត់នោះ។ ភ្លាមៗ គាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ តែអ្នកបើករថយន្តខាងលើគេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ ហើយអ្នករួមដំណើរទាំង២នាក់នោះ ក៏មិនព្រមសហការជាមួយលោកទេ។

បច្ចុប្បន្នលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅកម្លាំងនគរបាលឲ្យយករថយន្តទំនើបម៉ាក Audi-Q7 នោះ ព្រមទាំងអ្នករួមដំណើរទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីរកដំណោះស្រាយ។ តែចំពោះអត្តសញ្ញាណរបស់ជនរួមដំណើរទាំង២ សមត្ថកិច្ចមិនអាចប្រាប់បានទេ ដោយអះអាងថា រង់ចាំការស៊ើបអង្កេតជាមុនសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post