ក្រចេះ៖ ជនសង្ស័យ២នាក់ បានប្រើល្បិចធ្វើជាមកសួរតថ្លៃរកទិញម៉ូតូ ហើយឲ្យបក្ខពួកម្នាក់ឡើងជិះសាក បែរជាជិះគេចខ្លួនបាត់ បានជាង១ម៉ោង ត្រូវបានសមត្ថកិច្ចចំនួន២ខេត្ត សហការគ្នា តាមក្របួចបានម្នាក់មកវិញ។
ករណីលួចម៉ូតូខាងលើ កើតឡើងកាលពីវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហេង សុធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ជនសង្ស័យ២នាក់ ទី១/ឈ្មោះ អាន សេងហ៊ន់ ហៅ ប្រុក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន)។ ២/ មិនស្គាល់ ឈ្មោះ ជាអ្នករត់ម៉ូតូឌុប ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តក្រចេះ (គេចខ្លួន)។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូម៉ាកអ៊ិចស៊ិនទ័រ ពណ៌ក្រហម នៅខាងមុខផ្ទះមានសោរជាប់នឹងម៉ូតូស្រាប់ ហើយត្រូវបានជនសង្ស័យជាអ្នករត់ម៉ូតូឌុប បានប្រើល្បិចមកសួរតថ្លៃរកទិញម៉ូតូ ហើយបានតេទូសព្វ័ហៅបក្ខពួកម្នាក់ទៀតឈ្មោះ អាន សេងហ៊ន់ ហៅប្រុក មកសាកម៉ូតូខាងលើ រួចក៏ជិះគេចខ្លួនបាត់តែម្តង ។
ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះភ្លាម កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលស្រុកមេមត់ ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ តាមរកឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ឈ្មោះ អាន សេងហ៊ន់ ហៅប្រុក នៅវេលាម៉ោង៣៖២០នាទីរសៀលថ្ងៃដដែល នៅ ចំណុចភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួចនាំខ្លួនមកអធិការដ្ឋាននគរបាល ស្រុកស្នួល ដើម្បីធ្វើការសាកសួរ ចំណែកពូម៉ូតូឌុបគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យក្រោយពីកម្លាំងជំនាញផ្នែកយុត្តិធម៌សួរនាំរួច ត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តតាមនីតិវិធី៕