header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឿងដែលសង្គមកំពុងចាប់អារម្មណ៍ និងភ្ញាក់ផ្អើល បន្ទាប់ពីស្ត្រីជនជាតិចិន បើករថយន្តដេញតាមបុកក្រុមជនសង្ស័យជាចោរឆក់២នាក់ ផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីបញ្ជូនទៅតុលាការ។ បើតាមប្រភព សមត្ថកិច្ចបានកសាងសំណុំរឿង និងចោទប្រកាន់ទៅលើស្ត្រីរូបនោះ ពីបទ «ប៉ុនប៉ងឃាតកម្ម»។

អធិការនគរបាលខណ្ឌចំការមន វរសេនីយ៍ឯក យិន សាន ឲ្យដឹងកាលពីរសៀលថ្ងៃច័ន្ទម្សិលមិញថា ស្ត្រីជនជាតិម្នាក់ ក្នុងចំណោម២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចឃាត់ខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោមការចោទប្រកានក់ពីបទ ប៉ុនប៉ងឃាតកម្ម។ ចំណែកឯស្ត្រីជនជាតិចិនម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយនៅក្នុងហេតុការណ៍ដេញបុកក្រុមចោរនោះ មិនត្រូវបានឃាត់ខ្លួននោះទេ ដោយសារមិនពាក់ព័ន្ធ។

បើតាមលោកអធិការ ការសម្រេចឃាត់ខ្លួនស្ត្រីជនជាតិចិនរូបនេះ បានធ្វើឡើងតាមបញ្ជា និងសម្រេចរបស់លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

គួររំឭកថា ស្ត្រីជនជាតិចិន២នាក់ ដែលអះអាងថា ត្រូវចោរឆក់ទូរស័ព្ទ បានបើករថយន្តដេញបំបុក បណ្ដាលឲ្យក្រុមចោរទាំង២ រងរបួសធ្ងន់ធ្ងរ នៅតាមបណ្ដោយផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៤ ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ ភ្លាមៗ ដោយសារហេតុការណ៍នេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនស្ត្រីជនជាតិចិន២នាក់បណ្ដោះអាសន្ន ហើយនិងបញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ស្ត្រីជនជាតិចិនទាំង២ បានអះអាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ពីក្នុងរថយន្ត ខណៈពេលកំពុងឈប់អែបចិញ្ចើមផ្លូវ​លេខ៤៦០។ ពេលភ្លាមនោះ គាត់បានបើករថយន្តដេញតាមមិនទាន់ទេ ប៉ុន្តែដោយសារទូរស័ព្ទដៃគាត់ភ្ជាប់ប្រព័ន្ធ GPS ទើបឆែកឃើញ ហើយក៏បើករថយន្តរកមើលតាមសញ្ញាបង្ហាញផ្លូវដោយ ​GPS រហូតដល់ចំណុចកើតហេតុ ត្រង់ផ្លូវ៤៥៤​ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ខណៈពួកគេកំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ ​1CL-7241 រត់គេច ទើបសម្រេចបើករថយន្តបំបុកតែម្តង ដោយបានរុញទៅបុកផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យជនជាប់សង្ស័យទាំង២នាក់​ រងរបួសធ្ងន់ធ្ងរ ដោយម្នាក់ នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួន និងម្នាក់ទៀត សន្លប់ស្ដូកផ្កាប់មុខនៅហ្នឹងកន្លែង។

នៅកន្លែងកើតហេតុ គេក៏បានឃើញទូរស័ព្ទរបស់គាត់នៅក្បែរជនសង្ស័យនោះដែរ ទើបគាត់រើសយកមកវិញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណើរមកចោមរោមមើល​តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post