ភ្នំពេញៈ កាន់តែមានភាពធំធាត់កូនស្រីច្បងរបស់តារាសម្តែង សឿ សុធារ៉ា និងលោក សាពូន មីដាដា ស្រាប់តែបែកសាច់ធាត់ជាងមុន រហូតមានមុខមាត់សមជាតួសម្តែងសម្រាប់វ័យកុមារ។ ក្នុងពេលមានកុមារាកុមារីមួយចំនួនបានបោះជំហានចូលសិល្បៈល្បីឈ្មោះ កូនស្រី សឿ សុធារ៉ា ក៏មិនចាញ់កុមារទាំងនោះដែរ ព្រោះក្តាប់បានសាច់រឿងមួយថតសម្តែងដែរ។
កាន់តែធំកូនស្រី សឿ សុធារ៉ា ដែលមានឈ្មោះ សាពូន ដារ៉ាពិមាន កាន់តែមានសម្រស់ស្រស់ស្អាតមិនចាញ់ម្តាយប៉ុន្មានទេ ។ ថ្មីៗនេះ កូនស្រី សឿ សុធារ៉ា ក៏មានឱកាសបានហក់ចូលក្នុងការសម្តែងរឿងភាគ ដែលមានចំណងជើងថា «កាឡៃ» ដោយក្នុងនោះនាងដើរតួ ឈ្មោះ ស្រីពិន។ ស្របពេលអ្នកម្តាយ សឿ សុធារ៉ា មិនមានការងារសិល្បៈ ពេលនេះកូនស្រីរបស់នាង សាពូន ដារ៉ាពិមាន បានដើរតាមគន្លងរបស់នាង ដោយបានចូលរួមសម្តែងរឿងភាគជាលើកដំបូង ដែលធ្វើឱ្យ សឿ សុធារ៉ា មានការសប្បាយចិត្តជាខ្លាំងហើយរំពឹងថា កូនស្រីសម្តែងបានល្អនិ ងមានអនាគតថែមទៀតនៅក្នុងសង្គមសិល្បៈ។ កន្លងមកគេធ្លាប់ដឹងថា ទោះមានវ័យនៅក្មេងតែកូនស្រី សឿ សុធារ៉ា មានសមត្ថភាព និងទេពកោសល្យសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយ។ ក្នុងនោះក៏មានការសរសើរថា កាន់តែធំសម្រស់កូនស្រី សឿ សុធារ៉ា កាន់តែស្រស់ស្អាត ជាពិសេសមុខមាត់របស់នាងគួរឱ្យក្នាញ់មិនចាញ់ម្តាយទេ។ ក្រោយពីមានកូនជាបន្តបន្ទាប់ សឿ សុធារ៉ា បានបាត់មុខពីសិល្បៈ ។ តែយ៉ាងណាសម្រស់របស់នាងក៏មិនថមថយប៉ុន្មានដែរ។ ពេលនេះនាង និង ស្វាមី ហាក់ងាកទៅរកប្រឡូកនយោបាយច្រើនជាង។
សឿ សុធារ៉ា នៅមិនទាន់បោះបង់ចោលសិល្បៈនៅឡើយទេ នាងនឹងឆ្លៀតសម្តែងក្រោយពេលពង្រឹងស្នាដៃការងារថ្មីៗអោយកាន់តែស្ទុះឡើង។ កន្លងមកធ្លាប់លេចឭថា សឿ សុធារ៉ាចង់បើកផលិតកម្មដោយខ្លួនឯងផ្ទាល់ តែក្រោយមកស្ងាត់ឈឹងទំនងនាងនៅមិនទាន់សិក្សាទីផ្សារអោយបានលម្អិត ដើម្បីជៀសវាងខាតបង់ប្រាក់ដើម៕