header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង នៅពេលមានហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះដ៏ធំស្កឹមស្កៃមួយកន្លែង ទំហំបីខ្នង ធ្វើពីបីតុងលាយឈើនៅក្នុងក្រុង កៀកជិតសមត្ថកិច្ចហើយ តែមិនមានរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បានទាន់ពេល ទាល់តែឆេះស្ទើរអស់ទាំងស្រុង ទើបគេឃើញមានរថយន្តពន្លត់អគ្គិភ័យមកពីអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចំារាប់សិបគីឡូម៉ែត្រមកដល់កន្លែងកើតហេតុ តែហួសពេលបាត់ទៅហើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានចាប់ផ្តើមឡើងនៅវេលាម៉ោង១០៖៥០នាទីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយអំណាចភ្លើងឆេះជិតអស់ហើយ ទើបមានរថយន្តពន្លត់មកដល់កន្លែងកើតហេតុជួយអន្តរាគមន៍។

នៅនឹងកន្លែងកើតហេតុ ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្ដែងការហួសចិត្ត និងខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងក្រុងពោធិ៍សាត់ ដោយពួកគាត់ចោទជាសំណួរថា ហេតុអីបានជារថយន្តពន្លត់អគ្គិភ័យរបស់នគរបាលក្រុង និងស្នងការនគរបាលខេត្តជាច្រើនគ្រឿង ដែលនៅកៀកបំផុតបាត់ទៅណាអស់ហើយ មិនព្រមចេញមកជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ស្រាប់តែបណ្ដោយឲ្យអំណាចភ្លើងឆេះផ្ទះពលរដ្ឋរាប់ម៉ោង ស្ទើរក្លាយជាផេះទាំងស្រុងទៅហើយ ទើបឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដែលមានចម្ងាយប្រមាណជា១០គីឡូម៉ែត្រ មកដល់កន្លែងកើតហេតុទៅវិញ។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បានបង្ហាញពីទំហំការខូចខាតទ្រព្យសម្បត្តិមានចំនួនប៉ុន្មាននៅឡើយទេ ហើយចម្លើយពីចម្ងល់របស់ប្រជាពលរដ្ឋ ក៏មិនទាន់មានដែរ។ ដោយឡែកម្ទាស់ផ្ទះរងគ្រោះ ក៏សមត្ថកិច្ចមិនទាន់បានកំណត់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាជនជាតិខ្មែរអ៊ីស្លាម និងមូលហេតុនៃការឆេះនេះ សមត្ថកិច្ចសន្និដ្ឋានបឋមថា បណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះម្ចាស់មិននៅផ្ទះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post