ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប៉ុន្មានម៉ោង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដែលបានចូលរួមការប្រកួតប្រជែងដែរនោះ បានបដិសេធមិនទទួលស្គាល់លទ្ធផលនេះទេ។
លោក ពេជ្រ ស្រស់ បាននិយាយថា៖ ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានឹងធ្វើលិខិតប្តឹងទៅគ.ជ.ប ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ។
ប្រធានគណបក្សយុវជនកម្ពុជាបានអះអាងថា៖ ចំនួនលទ្ធផលបណ្តោះអាសន្ននេះមិនត្រឹមត្រូវទេសម្រាប់គណបក្សយុវជនកម្ពុជា។ ចំនួនអ្នកគាំទ្រគណបក្សយុវជនកម្ពុជាពិតប្រាកដគឺមានចំនួន៣៩ ៤១៧សំឡេង មិនមែន៣៩ ៣៣៣សំឡេងនោះទេ។ យើងត្រូវគោរពឆន្ទៈរបស់ម្ចាស់ឆ្នោតមិនអាចកិបកេងបានឡើយ។
យោងតាមលទ្ធផលបណ្តោះអាសន្នដែលបាប្រកាសដោយគ.ជ.ប កាលពីព្រឹកមិញនេះ គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងគេចំនួន៤ ៨៨៩ ១១៣ ចំណែកឯគណបក្សយុវជនរបស់លោក ពេជ្រ ស្រស់ ទទួលបាន៣៩ ៣៣៣ សំឡេង។
តាមគ.ជ.ប បានឱ្យដឹងថាគណបក្សនយោបាយអាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែកឬលទ្ធផលទាំងអស់នៃការបោះឆ្នោតក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរបន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន អនុលោមតាមមាត្រា១៣១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។