ព្រះវិហារៈ បុរសជាមន្រ្តីទាហានម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអ៊ីហ្ស៊ុយហ្ស៊ុយ ព្រលះម៉ូតូសង់កូរ៉េចំពីមុខពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៦២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទូត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ត្រក អឿន អាយុ៥៤ឆ្នាំ មុខរបរ ជាកងទ័ពវរសេនាតូច៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ រស់នៅភូមិសុខសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់នៅនិងកន្លែងកើតហេតុ។
សមត្ថកិច្ច បន្តថា មុនពេលកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះនិងរថយន្ត បើកបរបញ្រ្ចាសទិសគ្នា លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបុកគ្នាចំពីមុខតែម្ដង បណ្ដាលឲ្យបុរសជិះម៉ូតូស្លាប់ភ្លាមៗ។ រថយន្តម៉ាក (អ៊ីហ៊្សុយហ្ស៊ុយ)ពណ៌ស ពាក់ស្លាកលេខ រតនគីរី ៣A-០០៨៦ រីឯម្ចាស់រថយន្ត ក្រោយពេលកើតហេតុ រត់បាត់ស្រមោលបន្សល់ទុកតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះធ្វើការវាស់វែងនិងយកវត្ថុតាងទាំងពីរទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕