បន្ទាយមានជ័យៈ អ្នកដាក់អន្ទាក់សត្វពីរនាក់ បានរងរបួសធ្ងន់ស្រាល គ្រាដែលដើរជាន់មីននៅចំរាក់ភ្នំដងរ៉ែក ស្ថិតក្នុងចន្លោះបង្គោលសីម៉ាលេខ២៧-២៨ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានបង្កជាការភ្ញាក់ផ្អើលដល់បងប្អូនពលរដ្ឋ ដែលរស់នៅក្បែរនោះនៅម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
លោក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែន៨១៥ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហានេះថា មានយុវជនចំនួនពីរនាក់ បានដើរដាក់អន្ទាក់សត្វនៅតាមចំរាក់ភ្នំដងរ៉ែកដូចសព្វមួយដង ដើម្បីរកម្ហូបផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។ តែចៃដន្យពួកគេបានដើរទៅជាន់ចំមីន ដែលកប់ចោលយូរឆ្នាំ តាំងពីសម័យសង្គ្រាម បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល។
លោកមេបញ្ជារការរូបនេះ បន្តថា ក្រោយករណីផ្ទុះបងប្អូនអ្នកភូមិបាននាំគ្នាចូលទៅយកអ្នករងរបួសចេញពីកន្លែងកើតហេតុ រួចបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ។ អ្នករងរបួសធ្ងន់ឈ្មោះ អឿន នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ របួសដាច់ជើងឆ្វេងជើងស្តាំ និងរបួសដាច់រហែកធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតដែលរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ជុំវិញហេតុការណ៍នេះដែរ លោក ឡុង សំណាង ក៏បានបញ្ជាក់ផងដែរថា ទីតាំងកើតហេតុខាងលើ គឺជាភូមិសាស្ត្រគ្រោះថ្នាក់ ជាទីតាំងប្រទាញប្រទង់គ្នារវាងទព័រដ្ឋាភិបាល និងទ័ពខ្មែរក្រហម។ ចំណុចនេះអាចសន្និដ្ឋានថា ជាចំការមីន។ ពលរដ្ឋជាច្រើននាក់មកហើយ ដែលតែងតែរងគ្រោះ ដោយសារតែមីននៅចំណុចនោះខ្លះស្លាប់ ខ្លះរបួសហើយពិការមកទល់សព្វថ្ងៃ។ តែដោយសារជីវភាព បងប្អូនៅក្បែរនោះនៅតែប្រថុយប្រថាន បើទោះជាមានការហាមឃាត់ពីក្រុមសមត្ថកិច្ចក៏ដោយ៕