header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី គ្មានសិទ្ធិស្នើសុំឲ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនោះទេ ដោយសារលោកគ្មានឈ្មោះក្នុងបញ្ជីគណបក្សនយោបាយទេ ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី៧ ខែសីហា យ៉ាងដូច្នេះថា “ករណីលោក សម រង្ស៊ី ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនេះ មិនអាចទៅរួចទេ ពីព្រោះលោក សម រង្ស៊ី មិនមែនជាបេក្ខជននៅក្នុងបញ្ជីគណបក្សនយោបាយទេ។ អីញ្ចឹងបញ្ជាក់ថា ករណីនេះមិនអាចទៅរួចទេ គឺផ្ទុយពីច្បាប់” ។

លោកក៏បានលើកឡើងថា ការរាប់សន្លឹកឆ្នោតឡើងវិញ ធ្វើទៅបាននៅពេលដែលគណបក្សនយោបាយបានប្តឹងអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ដែលយ៉ាងហោចណាស់ចាប់ផ្តើមដំបូងនៅម៉ោង១១និង៣០នាទី បន្ទាប់ពីថ្ងៃបោះឆ្នោត (ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៨) ដោយដាក់ពាក្យបណ្តឹងមកគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត ។

លោកបន្តថា ក្នុងករណីដែលគណបក្សនយោបាយណាមួយ មិនពេញចិត្តនិងការដោះស្រាយ របស់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោង គណបក្សនយោបាយនោះមានសិទ្ធិប្តឹងទៅគណៈកម្មរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ហើយប្រសិនមិនពេញចិត្តនិងដំណោះស្រាយរបស់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទៀត គណបក្សនយោបាយអាចប្តឹងទៅគ.ជ.ប ។

លោកបន្ថែមទៀតថា ក្នុងករណីប្តឹងមកដល់គ.ជ.ប ហើយគ.ជ.ប បានរកឃើញភស្តុតាងថា ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត នោះគ.ជ.ប អាចសម្រេចអំពីការបដិសេធន៍បណ្តឹង ឬសម្រេចបើកកញ្ចប់សុវត្ថិភាព«» ដើម្បីផ្ទៀងផ្ទាត់សម្ភារៈឯកសារបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ។

លោកអគ្គរង គ.ជ.ប បានគូសបញ្ជាក់ថា “អីញ្ចឹងការរាប់សន្លឹកឆ្នោតឡើងវិញ គឺមានតែស្ថាប័នពីរប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចរាប់សន្លឹកឆ្នោតឡើងវិញ គឺ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែរាប់ឡើងវិញ លុះត្រាតែមានបណ្តឹងធ្វើឡើងតាមឋានានុក្រម ដែលបានរៀបរាប់ពីខាងលើអីញ្ចឹង” ។

ជាមួយគ្នានោះដែរ លោកអគ្គលេខាធិការរង គ.ជ.ប ក៏បានឲ្យដឹងអំពីរឿងបែងចែកអាសនៈថា និងត្រូវធ្វើឡើងនៅពេល គ.ជ.ប ប្រកាសលទ្ធផនៃការបោះឆ្នោតជាផ្លូវការ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្ររួច ។

លោកបន្តថា ការប្រកាសនេះមានន័យ គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសនរួចហើយ គ្មានការប្តឹងតវ៉ា និងការប្រកាសលទ្ធផលបណ្តោះអាសន្នទេ នោះគ.ជ.បនិងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ រួចហើយគ.ជ.បនឹងធ្វើការបែងចែកអាសនៈ សម្រាប់គណបក្សនយោបាយនីមួយៗ និងបេក្ខជននីមួយៗ ។

សូមជម្រាបថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.បនេះ បន្ទាប់ពីលោក សម រង្ស៊ី បានទាមទារឲ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បបួលស្បថឲ្យ ស្លាប់គ្រប់ទម្រង់ គ្រប់រូបភាព ដែលលោក សម រង្ស៊ី ចោទថា ការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ និងបំប៉ោងទិន្នន័យអ្នកទៅបោះឆ្នោតមានចំនួនច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post