ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយបុរសវ័យចំណាស់ម្នាក់ បើករថយន្ត Highlander មួយគ្រឿងក្នុងល្បឿនលឿន ហើយបានវ៉ាជែងម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុករថយន្ត២គ្រឿង និងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3708 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញានោះឡើយ ។ ចំណេកជនរងគ្រោះឈ្មោះ ង្វៀង យ៉ាងម៉េវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឈើ (ស្លាប់) ស្នាក់នៅភូមិថ្មី ស្រុកពញាឮ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ សុខខន សុខទី ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះ៨២ដេ ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រងរបួសធ្ងន់។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ សិស្សចេញពីសាលារៀន ខណៈនោះ ស្រាប់តែឃើញមានរថយន្ត បានបើកបរក្នុងទិសដៅពីត្បូងទៅជើង បានបើកវ៉ាម៉ូតូមួយគ្រឿងមិនចាំម៉ាក ដោយធ្វើដំណើរស្របទិសគ្នា ហើយក៏ជ្រុលចង្កូតមកបុករះរថយន្ត២គ្រឿង និងម៉ូតូ២គ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ម្នាក់ទៀត រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនិតីវិធីច្បាប់៕