ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ រួមដំណើរជាមួយមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តទំនើបមួយគ្រឿង កំពុងបើកឆ្លងស្តុបជិតផុតហើយ ស្រាប់តែត្រូវយុវជន២នាក់ជិះម៉ូតូ MSX ក្នុងល្បឿនយ៉ាងលឿនទៅបុកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន ស្តុបផ្លូវព្រះសីហនុ កែងផ្លូវលេខ១០៥(ក្រោយវិទ្យាល័យព្រះយុគន្ធរ) ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ រថយន្តទំនើបមួយគ្រឿងម៉ាក LEXUS NX-200t ពាក់ស្លាកលេខភ្នំពេញ 2AQ-2845 បើកបរដោយយុវតីរូបស្រស់ម្នាក់ រួមដំណើរជាមួយមិត្តភក្តិប្រុសស្រី២នាក់ទៀត ធ្វើដំណើរតាមផ្លូវ១០៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តកំពុងបើកឆ្លងស្តុបពណ៌បៃតងជិតផុតហើយ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូ MSX មួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-6731 ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ទៅបុកចំពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុនារីរូបស្រស់ ព្រមទាំងមិត្តភក្តិ បានចុះពីរថយន្ត មកដោះស្រាយជាមួយភាគីម្ចាស់ម៉ូតូ ខណៈមានរថយន្តគិលានសង្គ្រោះមកដល់កន្លែងកើតហេតុ ប៉ុន្តែយុវជនរងគ្រោះមិនព្រមទៅពេទ្យទេ ដោយចាំដោះស្រាយជាមួយភាគីខាងរថយន្តសិន ពេលនោះភាគីខាងរថយន្តកំពុងខលទាក់ទងជាមួយបងប្អូនឲ្យមកជួយដោះស្រាយ ស្រាប់តែយុវជនម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូរងរបួសស្រាល រត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ និងយុវជនរងរបួសជើងនៅកន្លែងកើតហេតុ ឲ្យដោះស្រាយជំនួស៕