header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រោយពី ចិន វៀតណាម និងឡាវ បានសម្តែងការអបអរសាទរជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីជាមួយគណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ នាយករដ្ឋមន្រ្តីថៃ ដែលជាអ្នកភូមិផងរបងជាមួយគ្នា ក៏បានផ្ញើលិខិតសាទរចំពោះជ័យជម្នះនេះដែរ។

លិខិតរបស់នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ដែលបង្ហាញដោយក្រសួងការបរទេសខ្មែរនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត

លិខិតរបស់ក្រសួងការបរទេសបានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តីថៃ ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងអាណត្តិថ្មីរបស់សម្តេចតេជោ កម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោក អបអរសាទរផងដែរ ចំពោះសម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីថៃបន្ថែមថា ថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post