header ads

Sponsor

ពិសី

ភ្នំពេញៈ ឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញ មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើនចំនួនរថយន្ត រហូតដល់ទៅ១៧៧គ្រឿង បង្កើនខ្សែរត់ចំនួន៨ខ្សែ និងបង្កើនចំណតរហូតដល់ទៅ៦២៣ទីតាំង ហើយគ្រោងនឹងពង្រីកបន្ថែមទៀត នៅពេលមានរថយន្តគ្រប់គ្រាន់ ដើម្បីបម្រើផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

អ្នកនាំពាក្សរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងនៅថ្ងៃនេះថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការ សេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ ចំនួន១៧៧គ្រឿង ហើយបើគ្មានការប្រែប្រួលតាមផែនការដែលបានគ្រោងទុក នៅបំណាច់ឆ្នាំ២០១៨ខាងមុខនេះ នឹងដាក់ឲ្យដំណើរការរថយន្តក្រុង រហូតដល់ទៅ២៣៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ។

អ្នកនាំពាក្សរូបនេះបន្តថា ការបង្កើនចំនួនរថយន្ត ចំនួនខ្សែរត់ និងចំនួនចំណតនេះ គឺដោយសារប្រជាពលរដ្ឋ បានយល់ដឹងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវារថយន្តក្រុង កាន់តែច្រើនឡើងៗ ។

ដើម្បីឆ្លើយតបនិងការគាំទ្រ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងសាធារណៈនេះ  រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតចំណតរថយន្តក្រុង ឬទីកន្លែងរងចាំឡើងហើយ និងចុះពីរថយន្តក្រុងនេះ ជា២ប្រភេទ ដែលទី១ បានរៀបចំធ្វើដំបូល និងមានកៅអីសម្រាប់អង្គុយរង់ចាំ នៅទីតាំងដែលមានស្ថានភាពធំទូលាយ និងទី២ ចំណតដែលជាប្រភេទបជ្ឈ ដែលអ្នកជិះត្រូវឈររង់ចាំ ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ ដែលនិយមធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងនូងការសាទរ ក៏ដូចជាគាំទ្រ ចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតឲ្យមានសេវាដឹកជញ្ជូនអ្នកដំណើរ តាមរយៈរថយន្តក្រុង ក្នុងតម្លៃថោក ជាពិសេសបានអនុគ្រោះមិនយកប្រាក់ចំពោះ ព្រះសង្ឃ ជនចាស់ជរា សិស្ស និស្សិត ជនពិការ និង កម្មករ កម្មការិនី ។

បើទោះជាសេវាកម្មមួយនេះ ត្រូវបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលប្រជាពលរដ្ឋសំណូមពរឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាកាន់តែទាក់ទាញ ប្រជាជនឲ្យងាកមកទទួលសេវាដឹកជញ្ជូននេះ កាន់តែច្រើន ចៀសវាងការធ្វើដំណើរ ដោយមធ្យោបាយផ្ទាល់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post